ក្នុងខែកុម្ភៈ ខណ្ឌច្បារអំពៅ មានអ្នកជិះម៉ូតូល្មើសច្បាប់ចរាចរណ៍ជាង៩០០នាក់

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែមីនានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានលើកឡើងថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដែលបានបង្ហាញឲ្យឃើញថា គ្រាន់តែក្នុងរយៈពេល១ខែកុម្ភៈ មន្រ្តីផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ម៉ូតូបានជាង៩០០គ្រឿង ដែលម្ចាស់បានជិះល្មើសច្បាប់។ លោកបានលើកឡើងថា នេះគឺជាតួលេខខ្ពស់មួយដែលបង្ហាញថា នៅមានពលរដ្ឋយើងជាច្រើន មិនទាន់បានចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានល្អនៅឡើយ។ នេះគ្រាន់តែនៅលើដងផ្លូវ១ផ្នែកនៃផ្លូវជាតិលេខ១ប៉ុណ្ណោះ ដោយមិនទាន់គិតទៅលើផ្លូវមួយចំនួនទៀតក្នុងខណ្ឌនៅឡើយទេ។ ការលើ្មសច្បាប់ចរាចរណ៍នេះ ភាគច្រើនម៉ូតូគ្មានកញ្ចក់ និងមិនពាក់មួកសុវត្ថិភាពជាដើម។

លោកអភិបាលខណ្ឌ បានលើកឡើងទៀតថា ចាប់ពីពេលនេះទៅ សូមឲ្យមូលដ្ឋានសង្កាត់ទាំងអស់ ត្រូវសហការជាមួយនគរបាលប៉ុស្តិ៍ ធ្វើវេទិការសាធារណៈឲ្យបានញឹកញាប់ជាមួយប្រជាពលរដ្ឋ ដោយមានការអញ្ជើញលោកនាយក នាយិការសាលានីមួយៗមកចូលរួមផង ដើម្បីពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់អំពីច្បាប់ចរាចរណ៍ និងចូលរួមគោរពឲ្យបានគ្រប់ៗគ្នា។ សម្រាប់លោកនាយក នាយិការសាលា ត្រូវតែផ្សព្វផ្សាយដល់ប្អូនៗ ក្មួយៗសិស្សានុសិស្ស ជារៀងរាល់ថ្ងៃ អំពីច្បាប់ចរាចរណ៍ នៅមុន និងក្រោយពេលគោរពទង់ជាតិពេលព្រឹក។ យើងទាំងអស់គ្នាធ្វើដូចនេះ ជារៀងរាល់ថ្ងៃ សង្ឃឹមថា បញ្ហាល្មើសច្បាប់ចរាចរណ៍ នឹងកាត់បន្ថយបានកាន់តែច្រើន និងឈានទៅបំបាត់ទាំងស្រុង។

ទាក់ទងទៅនឹងការងារសាធារណការ លោកអភិបាលខណ្ឌ ក៏បានណែនាំដល់មន្រ្តីមន្ទីរជំនាញ ចុះពិនិត្យមើលរាល់យានដ្ឋានដែលមានក្នុងមូលដ្ឋានថា តើយានដ្ឋានណាខ្លះដែលមានច្បាប់អនុញ្ញាត និង យានដ្ឋានណាខ្លះ ដែលមិនមានច្បាប់អនុញ្ញាត។ រាល់យានដ្ឋានមិនមានច្បាប់ ត្រូវតែបិទយានដ្ឋាននោះចេញ។ កន្លងមកនេះ មានយានដ្ឋានមួយចំនួន ជាពិសេសយានដ្ឋានគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ តែងតែធ្វើអាជីវកម្ម តទ្រុងឡានខុបច្ចេកទេស និងបង្កផលប៉ះពាល់គ្រោះថ្នាក់តាមដងផ្លូវ ជារឿយៗ។ ម្យ៉ាងទៀត ការធ្វើអាជីវកម្មយានដ្ឋានតាមដងផ្លូវមួយចំនួន ក៏អាចនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ តាមដងផ្លូវផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner