រថយន្តកុងទីន័ររេចង្កូតបុករបងផ្ទះប្រជាពលរដ្ឋ រងការខូចខាត
ភ្នំពេញ៖ រថយន្តកុងទីន័រសណ្តោងកន្ទុយមួយគ្រឿង បើកក្នុងល្បឿនលឿន សង្ស័យតៃកុងងងុយដេក បានបើកឡើងឃឿនពុះចែកទ្រូងផ្លូវ ហើយជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែកតៃកុងរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង០២:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០១៩នេះ នៅផ្ទះលេខ១២៤ ផ្ទះលក់ភេសជ្ជៈយីហោ ម៉ាក់ស្រីពេជ្រ (ជិតផ្សារឯករាជ្យ៣) លើផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេកកើតហេតុ គេបានឃើញរថយន្តប្រភេទកុងទីន័រមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-2721 បើកបរដោយបុរសម្នាក់ និងមានព្រូម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ សង្ស័យងោកមួយភាំង ក៏រេចង្កូតឡើងឃឿនហើយក៏កាច់ចង្កូតមកវិញ ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋថែមទៀត បណ្តាលឲ្យបាក់ជញ្ជាំងថ្ម និងទ្វារបងផ្ទះ២ខ្នងជាប់គ្នា ចំណែករថយន្តរងការខូចខាតមួយកំណាត់មុខ។ ក្រោយពេលកើតហេតុតៃកុងរថយន្ត បានចុះពីលើរថយន្តគេចខ្លួនបាត់។ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ចុះមកពិនិត្យ និងទាក់ទងទៅរកតំណាងមកធ្វើការដោយស្រាយតាមនីតិវិធី៕ម.ន