សេដ្ឋកិច្ចអាម៉េរិកមានកំណើនយឺត ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៨
សេដ្ឋកិច្ចអាម៉េរិកមានកំណើន២,៦ភាគរយ ក្នុងត្រីមាសទី៤ នៃឆ្នាំ២០១៨ ពោលគឺធ្លាក់ពី៣,៤ភាគរយ កាលពីត្រីមាសទី៣ នេះបើតាមការក្រសួងពាណិជ្ជកម្មអាម៉េរិកចេញផ្សាយរបាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ ចុះផ្សាយនៅសារព័ត៌មានស៊ីនហួរ។

ប្រភពថា ផលិតផលក្នុងស្រុកសរុប ឬ GDP មានកំណើន២,៩ភាគរយ ខុសពីការប៉ាន់ស្មានទុករបស់ខ្លួនកាលពីខែធ្នូ ថាមាន៣ភាគរយនោះ។ រដ្ឋាភិបាលសហព័ន្ធបានរំពឹងផងដែរថា នឹងមានកំណើន២,៣ភាគរយ ក្នុងឆ្នាំ២០១៩។ របាយការណ៍ថា កំណើនយឺតយ៉ាវនេះ បណ្តាលមកពីការបង្អន់ល្បឿននៃការវិនិយោគឯកជន និងការចំណាយរបស់ប្រជាពលរដ្ឋក៏ថយចុះ ស្របពេលដែលការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធក៏បង្អន់ល្បឿនផងដែរ។ ក្រៅពីនេះ ការធ្លាក់ចុះនៃចំណាយរដ្ឋាភិបាលក្នុងតំបន់ និងតាមបណ្តារដ្ឋ ក៏ជាមូលហេតុដែរ។

ប្រភពបានឲ្យដឹងដែរថា អ្នកវិភាគសេដ្ឋកិច្ចភាគច្រើនបង្ហាញពីការព្រួយបារម្ភអំពីគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលអាម៉េរិកបច្ចុប្បន្ន ដោយបង្ហាញក្តីកង្វល់ថា ឱនភាពថវិកាសហព័ន្ធអាចបន្តកើនឡើង៕ធ.ដ

