ក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិល ប្រដេញតាមស្ទាក់អ្នកដំណើរយ៉ាងអាណាធិបតេយ្យ កណ្ដាលក្រុងភ្នំពេញ
ភ្នំពេញ៖ យុវជនម្នាក់ កំពុងជិះម៉ូតូម៉ាក Nex តែម្នាក់ឯង ត្រូវក្រុមជនស៊ីវិលមានគ្នាជាច្រើននាក់ ដែលអះអាងថា ជាសមត្ថកិច្ច បានស្ទាក់ឃាត់ឲ្យឈប់ រួចឆែកមើលខ្លួនប្រាណ តែមិនឃើញមានអ្វីទេ បែរជាសំឡុតគំរាមយកទៅខណ្ឌពិនិត្យមើលទឹកនោម ទើបយុវជនរងគ្រោះស្រែក ឡាំប៉ាឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ចុះទៅផ្ដិតយករូបភាព។

ស្រាប់តែក្រុមជនស៊ីវិលនោះ ព្យាយាមដកខ្លួនគេចចេញទៅបាត់ម្តងម្នាក់ៗ នៅសល់តែ២នាក់ ពាក់មួកសុវត្ថិភាព ហើយក្រុមអ្នកសារព័ត៌មានក៏បានទៅសួរនាំ ក៏គេចមុខរួចប្រញាប់ឡើងជិះម៉ូតូគេចទៅបាត់តែម្ដង ដោយមិនប្រាប់ថាជាសមត្ថកិច្ចមកពីខាងណាឡើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ស្រះចក ព្រំប្រទល់ខណ្ឌទួលគោក និងខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមសម្ដីរបស់យុវជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ មេរបស់គាត់បានទូរសព្ទហៅទៅផឹកស៊ី ហើយគាត់ក៏បានជិះម៉ូតូ Nex តែម្នាក់ឯង ពីម្ដុំផ្សារថ្មី ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ទិសដៅពីកើតទៅលិច មកដល់ចំណុចហួសស្តុបសួរច្បារក្ដាន់២ ស្រាប់តែមានជនស៊ីវិលមួយក្រុមមានគ្នាជាច្រើននាក់ ដោយអះអាងថា ជាសមត្ថកិច្ច តែមិនដឹងថាជាសមត្ថកិច្ចខាងណានោះទេ បានជិះប្រដេញតាមពីក្រោយមកស្ទាក់ឃាត់គាត់ឲ្យឈប់ម៉ូតូ ដើម្បីឆែកឆេរមើលខ្លួនប្រាណ តែមិនឃើញមានអ្វីទេ បែរជាសំឡុតគំរាមគាត់ថា យកទៅខណ្ឌ (តែបានបញ្ជាក់ថាយកទៅខណ្ឌណាទេ) គ្រាន់តែនិយាយថា យកពិនិត្យមើលទឹកនោម ទើបរូបគាត់ស្រែក ឡាំប៉ាថា តើគាត់ខុសអ្វីបានជាមកឆែកឆេរ មិនឃើញមានអ្វី ហើយចង់នាំយកទៅខណ្ឌពិនិត្យទឹកនោមទៀត ទើបរូបគាត់ឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មាន ចុះទៅកន្លែងកើតហេតុផ្ដិតយករូបភាព និងធ្វើការ Live ផ្សាយផ្ទាល់ សាកសួរដំណើររឿងហេតុ។

គ្រាន់តែឃើញក្រុមអ្នកសារព័ត៌មានចុះមកផ្សាយផ្ទាល់ភ្លាមនោះ ស្រាប់តែក្រុមសមត្ថកិច្ចស្លៀកពាក់ស៊ីវិលទាំងនោះ ព្យាយាមដកខ្លួនម្ដងម្នាក់ៗ គេចចេញទៅបាត់ នៅសល់ជនស៊ីវិលតែ២នាក់ ដែលពាក់មួកសុវត្ថិភាពបាំងមុខជិត ហើយពាក់កាត តែមិនដឹងថាកាត់អ្វីនោះទេ ទើបក្រុមអ្នកសារព័ត៌មានបានទៅសួរនាំ តែមិននិយាយអ្វីទាំងអស់ ក៏គេចមុខចេញ និងជិះម៉ូតូ Honda Dream ឌុបគ្នាគេចទៅបាត់តែម្ដង។

ទង្វើនេះហើយ ដែលប្រជាពលរដ្ឋនិយាយថា ជាសមត្ថកិច្ច ឬក្រុមចោរចាប់ជម្រិត? ព្រោះស្ទើរតែរាល់យប់ ញឹកញាប់ណាស់ ដែលគេសង្កេតឃើញយុវជនៗ ដែលធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើ និងម្ដុំផ្លូវR6 ត្រូវក្រុមស៊ីវិលទាំងនោះ នាំគ្នាមកគៀបស៊ីយ៉ាងអាណាធិបតេយ្យបែបនេះទៅវិញ ឬថ្នាក់លើបញ្ជាឲ្យធ្វើបែបនេះ?។ យ៉ាងណាមិញ មិនទាន់ដឹងថា ក្រុមជនស៊ីវិលដែលអះអាងថា ជាសមត្ថកិច្ចនោះ ជាសមត្ថកិច្ចខាងណានៅឡើយនោះទេ៕ធ.ដ