បុរសម្នាក់បុកបង្គោលភ្លើងធ្លាយខួរស្លាប់ បន្ទាប់ពីព្យាយាមជិះម៉ូតូគេចពីរថយន្តដេញបុកពីក្រោយ
ភ្នំពេញ៖ បុរសម្នាក់ត្រូវរថយន្ដមិនស្គាល់ម៉ាកដេញបុកពីក្រោយ ហើយក៏គេចពីរថយន្ដជ្រុលឡើងលើឃឿនផ្លូវទៅបុកបង្គោលភ្លើងបណ្ដាលឲ្យបោក្បាលធ្លាយខួរស្លាប់ កាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅផ្លូវជាតិ៦A មុខសាលាបឋមសិក្សាព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បានជិះម៉ូតូម៉ាកFTR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CP-2986 បានធ្វើដំណើរពីទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ពេលនោះក៏មានរថយន្ដមួយគ្រឿងដែលមិនស្គាល់ម៉ាក បានជិះដេញមកពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿន ជនរងគ្រោះក៏បានជិះគេចពីរថយន្ដបណ្ដាលឲ្យផ្លោងហោះលើឃឿនផ្លូវទៅបុកនឹងបង្គោលភ្លើងបណ្ដាលឲ្យបោកក្បាលធ្លាយខួរស្លាប់តែម្តង ចំណែកឯរថយន្ដបង្កបើកគេចខ្លួចបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ និងធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះយកទៅរក្សាទុករង់ចាំបងប្អូនមកទទួលនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ច បានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ធ.ដ

