រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយដល់កម្ពុជា ក្នុងការតាក់តែងច្បាប់ស្តីពីការរៀបចំបទដ្ឋានបច្ចេកទេស និងការពង្រឹងសមត្ថភាពលើវិស័យទឹកកខ្វក់
ឯកឧត្តម បុង ប៊ុនហួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) ដែលដឹកនាំដោយលោកHiroyuki Ishii ប្រធានសម្របសម្របរៀបចំផែនការទឹកកខ្វក់ នៃនាយកដ្ឋានគ្រប់គ្រងបណ្តាញលូ និងទឹកកខ្វក់ប្រទេសជប៉ុន និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង តំណាងមកពីស្ថានទូតជប៉ុន ទីភ្នាក់ងារ JICA ទីភ្នាក់ងារផ្នែកចម្រោះទឹកកខ្វក់ជប៉ុន (JS) នៃទីក្រុងKitakyushu និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជជែកពិភាក្សាលើវឌ្ឈនភាពគម្រោងកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស (Technical Cooperation Project, TCP) ទាក់ទងនឹងការតាក់តែងច្បាប់ ការរៀបចំបទដ្ឋានបច្ចេកទេស និងការពង្រឹងសមត្ថភាពលើវិស័យទឹកកខ្វក់។ ឯកឧត្តម បុង ប៊ុនហួន បានគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់នៃសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងការលើកស្ទួយសុខភាពប្រជាពលរដ្ឋនៅកម្ពុជា ដែលក្នុងនោះ ក្រសួងបានសហការល្អ និងធ្វើសកម្មភាពយ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍន៍នានា ដែលបំពេញការងារលើវិស័យទឹកស្អាត និងអនាម័យជាពិសេសជាមួយភាគីជប៉ុន។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបានជម្រាបជូនភាគីជប៉ុនថា ក្រសួងនៅតែត្រូវការអ្នកជំនាញ និងអ្នកបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ ដើម្បីជួយបង្កើនចំណេះដឹងបច្ចេកវិទ្យាថ្មីបន្ថែមទៀតដល់មន្ត្រីក្រសួង ដើម្បីអាចរៀបចំគោលនយោបាយទឹកកខ្វក់ បទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រង និងការសាងសង់បណ្តាញ និងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់នានានៅទូទាំងប្រទេស។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារ JICA ក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលតែងតែផ្តល់ការគាំទ្រ និងចំណងមិត្តភាពដើម្បីជួយកសាងប្រទេស កម្ពុជាឱ្យរឹតតែល្អប្រសើរលើគ្រប់វិស័យថែមទៀត៕ធ.ដ




