អាជ្ញាធរខណ្ឌដង្កោឃាត់រថយន្តដឹកខ្សាច់-ថ្ម និងដឹកខុសលក្ខណៈបច្ចេកទេស១៣គ្រឿង
មន្ត្រីអាជ្ញាធរខណ្ឌដង្កោប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលនៃគណៈអភិបាលខណ្ឌដង្កោ ជារឿយៗតែងតែចុះដាក់គោលដៅតាមបណ្តោយផ្លូវសំខាន់ៗ ដើម្បីចាប់ឃាត់រថយន្តដឹកជញ្ជូនទំនិញទាំងឡាយណា ដែលដឹកខុសលក្ខណៈបច្ចេកទេស ជាពិសេស គឺក្រុមរថយន្ត ដឹកខ្សាច់ ដឹកថ្ម ដែលដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស ដូចជាការគ្របមិនបានត្រឹមត្រូវ ដឹកខ្ពស់ហួសទ្រុងរថយន្ត ហើយបើទោះបីជារថយន្តបានគ្របត្រឹមត្រូវហើយ ប៉ុន្តែនៅមានហូរទឹកខួរអណ្តែងចេញពីរថយន្ត ដែលបង្កឲ្យមានការប៉ះពាល់បរិស្ថានតាមដងផ្លូវសាធារណៈ ក៏ដូចជាប៉ះពាល់ទៅប្រជាពលរដ្ឋទូទៅ។

ប្រភពព័ត៌មានប្រាប់បន្តឲ្យដឹងថា រយៈពេល៣ថ្ងៃកន្លងទៅនេះ អាជ្ញាធរខណ្ឌដង្កោ បន្តចាប់ឃាត់រថយន្តដឹកខ្សាច់ ដឹកថ្ម បាន១៣គ្រឿងបន្ថែមទៀត យកមករក្សាទុកនៅក្នុងបវិវេណសាលាខណ្ឌដង្កោ ដោយសារដឹកខុសលក្ខណៈបច្ចេកទេស ហើយកាលពីជាង២០ថ្ងៃមុន រថយន្តដឹកខ្សាច់ ដឹកថ្ម ចំនួន ១១គ្រឿង ក៏ត្រូវបានចាប់ឃាត់រក្សាទុកនៅក្នុងបវិវេណសាលាខណ្ឌដង្កោផងដែរ ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ ចំនួន៣គ្រឿង។

ការចាប់ឃាត់រថយន្តដឹកខ្សាច់ ដឹកថ្ម ទាំងអស់នេះ បន្ទាប់ពីទទួលបានសំណូមពីបងប្អូនប្រជាពលរដ្ឋ ដោយសាររថយន្តដឹកខ្សាច់ ដឹកថ្ម ទាំងអស់នេះ បើកបរបំផ្លាញផ្លូវ និងហុយដីទ្រលោម បើកបរលឿនៗ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរទូទៅ។ ទើបអាជ្ញាធរខណ្ឌចាត់វិធានការក្តៅបែបនេះ ។ ចំណែកការដោះស្រាយយ៉ាងណានោះ គឺរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកសម្រេច។

ជាមួយគ្នានេះអាជ្ញាធរខណ្ឌដង្កោ សូមអំពាវនាវសុំឲ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ជាពិសេសក្រុមរថយន្ត ដឹកខ្សាច់ ដឹកថ្ម សូមដឹកជញ្ជូនសារធាតុរ៉ែ ទាំងខ្សាច់ ដី ថ្ម ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស បើមិនអ៊ីចឹងទេ អាជ្ញាធរខណ្ឌដង្កោ នឹងធ្វើការចាប់ឃាត់រថយន្តដែលល្មើស ដើម្បីចាត់ការតាមនីតិវិធី៕ធ.ដ

