សហរដ្ឋអាម៉េរិកប្រកាសគាំទ្រប្រធានាធិបតីវេណេស៊ុយអេឡាស្តីទី ពេញទំហឹង

សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិកលោក Mike Pence បានប្រាប់លោក Juan Guaido ជាអ្នកដែលអាម៉េរិកបានទទួលស្គាល់ថា ជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសវ៉េណេស៊ុយអេឡាថា ទីក្រុងវ៉ាស៊ីនតោននៅតែគាំទ្រពីក្រោយលោក១០០ភាគរយ។ លោក Pence បានថ្លែងដូច្នេះនៅអំឡុងកិច្ចប្រជុំត្រីភាគីមួយជាមួយលោក Guiado និងប្រធានាធិបតីកូឡុំប៊ីលោក Ivan Duque ដែលរៀបចំឡើងនៅទីក្រុង Bogota ប្រទេសកូឡុំប៊ី។

ជាមួយគ្នានេះ លោក Pence និងក្រុមមេដឹកនាំក្នុងតំបន់ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រ ដើម្បីធ្វើយ៉ាងណាឲ្យប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ចុះចេញពីតំណែងឲ្យបានឆាប់បំផុត និងអំពីមធ្យោបាយនានាដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ ដែលកំពុងស្តុកទុកនៅខាងព្រំដែនប្រទេសប្រេស៊ីល និងកូឡុំប៊ី ចូលទៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីចែកដល់ប្រជាជនរដ្ឋនេះ ដែលកំពុងប្រឈមនឹងការខ្វះខាតម្ហូបអាហារ និងថ្នាំពេទ្យ ។

ទន្ទឹមគ្នានោះ លោក Pence នឹងថ្លែងសន្ទរកថាអំពីការកើនឡើងនៃវិបត្តិនៅវេណេស៊ុយអេឡាទៅកាន់ក្រុមលីម៉ា ដែលជាគណៈកម្មាធិការមួយ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសវេណេស៊ុយអេឡា ខណៈអនុប្រធានាធិបតីអាម៉េរិករូបនេះ ក៏ត្រូវគេរំពឹងថា នឹងជួបជាមួយក្រុមមេដឹកនាំវេណេស៊ុយអេឡា និងក្រុមគ្រួសាររបស់ពួកគេដែលនិរទេសខ្លួន មុននឹងលោកវិលត្រឡប់មករដ្ឋធានីវ៉ាស៊ីនតោនវិញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner