ស្ត្រីរើសអេតចាយម្នាក់ មានជំងឺប្រចាំកាយដេកស្លាប់ក្រោមដំបូលរោងអ្នកតា
ភ្នំពេញ៖ ស្រ្តីអ្នករើសអេតចាយម្នាក់ មានជំងឺប្រចាំកាយ ឈឺដាច់បាយផង រហូតដេកស្លាប់ នៅខ្ទមអ្នកតា មាត់ស្រះទឹកព្រទន្លេ ក្រុម៦ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ព្រឹក ទើបភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើល។ ជនរងគ្រោះឈ្មោះ លីន ដា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបររើសអេតចាយ មានប្តី ឈ្មោះ អុល សិត អាយុ៤៦ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅតាមក្រោមដើមឈើ ខ្ទមអ្នកតា ត្រង់ចំណុចកើតហេតុ ជាច្រើនខែមកហើយ និងមានស្រុកកំណើត ភូមិដូង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។
តាមបុរសជាប្តី របស់ស្រ្តីរងគ្រោះ បានឲ្យដឹងថា គាត់២នាក់ប្តីប្រពន្ធរួមជាមួយកូនធម៌៣នាក់ទៀត ក្នុងរបរដើររើសអេតចាយ មកស្នាក់នៅចំណុចខាងលើជាង៣ខែមកហើយ ស្នាក់អាស្រ័យជ្រកក្រោមដើមឈើ ក្រោមដំបូលខ្ទមអ្នកតា ហើយគាត់មានកូនប្រុសម្នាក់ បួសជានេន នៅវត្តគោកបញ្ជាន់។ គាត់បានឲ្យដឹងថា ប្រពន្ធរបស់គាត់ឈឺច្រើនថ្ងៃមកហើយ គ្មានលុយទិញថ្នាំព្យាបាល គ្មានលទ្ធភាពនាំយកទៅពេទ្យ ហើយចំនួន៤ថ្ងៃហើយ ជំងឺកាន់តែធ្ងន់ ដាច់បាយ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ បន្ទាប់ពីស្ថានភាពជំងឺកាន់តែដាប ក្រោយបញ្ចុកបបររួច ឲ្យលេបថ្នាំប៉ារ៉ា មួយសន្ទុះក្រោយមក ស្រាប់តែដួលសន្លប់ ក្រោមដើមឈើក្បែរនោះ។ ប្តី និងកូនធម៌ នាំគ្នាសែងយកមកដាក់ក្រោមដំបូលខ្ទមអ្នកតា រហូតដល់ម៉ោង១២អធ្រាត្រ ចូលថ្ងៃទី២៥ ខែកុម្ភៈនេះ ជនរងគ្រោះដាច់ខ្យល់ស្លាប់ ហើយក៏មិនបានរាយការណ៍ទៅណាដែរ ដោយយប់ជ្រៅទៅហើយ នៅដេកឱបសពរហូតដល់ព្រឹក ថ្ងៃទី២៥ ទើបពលរដ្ឋឃើញរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើល។
សាកសពត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ ធ្វើកោសល្យវិច័យឃើញថា ស្លាប់ដោយសារគាំងបេះដូង រួចប្រគល់ឲ្យក្រុមគ្រួសារ រួមជាមួយអាជ្ញាធរ ជួយដឹកយកទៅធ្វើបុណ្យនៅវត្តគោកបញ្ជាន់ តាមប្រពៃណី៕ម.ន

