លោក ដូណាល់ ត្រាំ ប្រកាសផ្អាកគម្រោងដំឡើងពន្ធលើផលិតផលចិនជាង២០០លានដុល្លារអាម៉េរិក
សហរដ្ឋអាម៉េរិកនឹងផ្អាកផែនការដំឡើងពន្ធលើទំនិញចិនក្នុងតម្លៃជាង២០០លានដុល្លារអាម៉េរិក ក្រោយការចរចាមានលទ្ធផលផ្លែផ្កាល្អ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៤ កុម្ភៈ។ លោកត្រាំបានបញ្ជាក់ដែរថា លោកមានគម្រោងជួបផ្ទាល់ជាមួយប្រធានាធិបតីចិន នៅរដ្ឋហ្វ្ល័ររីដា ដើម្បីកិច្ចព្រមព្រៀងទៀតផង។
តាមរយៈបណ្តាញសង្គម Twitter លោក ត្រាំបានរៀបរាប់ថា«ខ្ញុំរីករាយរាយការណ៍ថា អាម៉េរិកបានធ្វើឲ្យមានការរីកចម្រើន ក្នុងកិច្ចចរចាពាណិជ្ជកម្មរបស់ពួកយើង ជាមួយចិន ស្តីពីបញ្ហាស្ថាបនាមានសារៈសំខាន់ រួមមានទាំងកិច្ចការពារកម្មសិទ្ធិបញ្ហា ការបញ្ជូនបច្ចេកវិទ្យា កសិកម្ម សេវាកម្ម រូបិយប័ណ្ណ និងមានវិស័យជាច្រើនទៀត»។ លោកបន្តថា «ជាលទ្ធផលនៃការចរចាដ៏មានផ្លែផ្កានេះ ខ្ញុំនឹងពន្យារពេលគម្រោងដំឡើងពន្ធរបស់អាម៉េរិក ដែលធ្លាប់បានគ្រោងថា នឹងសម្រេចដាក់ចេញនៅថ្ងៃទី១ មីនា។ ដោយសារតែភាគីទាំងពីរបន្តការពិភាក្សាដ៏ល្អ ពួកយើងនឹងគម្រោងជំនួបកំពូលរវាងខ្ញុំ និងលោកប្រធានាធិបតីស៊ី ដើម្បីកិច្ចព្រមព្រៀងរួមគ្នា។ ជាចុងសប្តាហ៍ដ៏ល្អ សម្រាប់អាម៉េរិកនិងចិន»៕ម.ន


