ប្រធានមន្ទីធនធានទឹកខេត្តឧត្ដរមានជ័យ ចុះសិក្សាលទ្ធភាពជាក់ស្តែង ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋក្នុងការជួយកសាងទំនប់បិទទឹក
ខេត្តឧត្ដរមានជ័យ៖ ដោយមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ជាខ្លាំង ទៅលើប្រជាពលរដ្ឋដែលមានផលវិបាក និងកង្វះទឹកប្រើប្រាស់ពីសំណាក់ឯកឧត្ដម លឹម គានហោ ជាក់ស្តែងនៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្ដម លឹម គាន ហោ រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧត្ដុនិយម បានឲ្យលោក ញឺន គួន ប្រធានមន្ទីធនធានទឹកខេត្តឧត្ដរមានជ័យ ចុះទៅពិនិត្យជាក់ស្ដែង ដើម្បីឆ្លើយតប ទាន់សភាពការណ៍ដែលប្រជាពលរដ្ឋចំនួនបីភូមិ បានសុំអំពាវនាវទៅដល់ឯកឧត្ដម លឹម គានហោ ជួយកសាងទំនប់បិទទឹក នៅអូរំចេក ក្នុងភូមិរំចេក ឃុំស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដើម្បីប្រើប្រាស់ទៅតាមតម្រូវការរបស់ពួកគាត់។
លោក ញឺន គួន បានឲ្យដឹងថា ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់អំពីទុក្ខកង្វល់ និងទុក្ខលំបាករបស់ ប្រជាពលរដ្ឋជាខ្លាំងពីសំណាក់ឯកឧត្ដម រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧត្ដុនិយម បានបញ្ជារូបលោកចុះទៅពិនិត្យ និងសិក្សាលទ្ធភាព និងធ្វើរបាយការណ៍ទៅថ្នាក់លើដើម្បីឆ្លើយតបតម្រូវប្រជាពលរដ្ឋ ទោះជាថ្ងៃអាទិត្យ ដែលជាថ្ងៃមន្រ្ដីរាជការឈប់សម្រាកក៏ដោយ។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានសូមអំពាវនាវទៅដល់ឯកឧត្ដមរដ្ឋមន្រ្ដី សូមឲ្យជួយកសាងទំនប់ទឹកនោះ មានចំនួនបីភូមិ ទី១ភូមិរំចេក ទី២ភូមិរំចេកខាងកើត ទី៣ភូមិរំចេកខាងលិច ដែលមានចំនួនប្រជាពលរដ្ឋសរុបចំនួន ៦៣២គ្រួរសារ ស្មើនឹង២៨៥៧នាក់។
ប្រជាពលរដ្ឋទាំងបីភូមិខាងលើនេះ មានការសប្បាយរីករាយយ៉ាងខ្លាំង នៅពេលពួកគាត់សុំអំពាវនាវ ទៅឯកឧត្ដមរដ្ឋមន្រ្ដីធនធានទឹក និងឧត្ដុនិយម ឲ្យជួយកសាងទំនប់ទឹកដើម្បីបានទឹកប្រើប្រាស់ទៅតាមតម្រូវការជូនដល់ពួកគាត់ ដោយបានឃើញ លោកញឺន គួន ប្រធានមន្ទីធនធានទឹក និងឧត្ដុនិយម ខេត្តឧត្ដរមានជ័យ ចុះសិក្សារលទ្ធភាពនិងរាយការណ៍ជូនទៅថ្នាក់លើវិញ ដើម្បីឆ្លើយតប ទៅតាម តម្រូវការចាំបាច់របស់ពួកគាត់ដែលខ្វះមិនបាន៕ម.ន


