លោក គីម ធ្វើដំណើរតាមរថភ្លើងទៅចូលរួមកិច្ចប្រជុំជាមួយនឹងលោក ត្រាំ នៅប្រទេសវៀតណាម

កូរ៉េខាងជើង៖ រដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជាក់ជាលើកដំបូងនៅថ្ងៃអាទិត្យសប្តាហ៍មុនថា លោក គីម ជុងអ៊ុន នឹងចូលរួមជំនួបលើកទីពីរជាមួយនឹងលោក ដូណាល់ ត្រាំ ដែលការអះអាងនេះ ធ្វើឡើងមុនពេលដែលជំនួបនេះ នឹងត្រូវធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាង តាមរថភ្លើងកាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ។ លោក គីម ត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយចំនួន រួមទាំងអ្នកស្រី Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់លោកផងដែរ។

លោក ត្រាំ និងលោក គីម នឹងជួបគ្នានៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម សាជាថ្មីម្តងទៀត បន្ទាប់ពីមេដឹកនំាទំាងពីរបានជួបគ្នាជាប្រវត្តិសាស្ត្រលើកដំបូងនៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំមុន។ នៅពេលនោះ មេដឹកនាំទាំងពីរ បានសន្យាប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនៅលើឧបទ្វីបកូរ៉េ។ ដោយសារតែមានការវិវឌ្ឍទៅមុខតែបន្តិចបន្តួចប៉ុណ្ណោះតាំងពីពេលនោះមក មេដឹកនាំទាំងពីរត្រូវគេរំពឹងថា នឹងផ្ដោតលើផ្នែកណាមួយនៃកម្មវិធីនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងអាចចាប់ផ្ដើមលុបបំបាត់ ជាថ្នូរនឹងការធ្វើសម្បទានមួយចំនួនពីសហរដ្ឋអាម៉េរិក៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner