វេណេស៊ុយអេឡាគ្រោងបិទព្រំដែនជាមួយប្រេស៊ីល ដើម្បីព្យាយាមបិទការផ្តល់ជំនួយមនុស្សធម៌របស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមហាអំណាចនេះ
វេណេស៊ុយអេឡា៖ ព្រំដែនវេណេស៊ុយអេឡាជាមួយប្រទេសប្រេស៊ីលនឹងត្រូវបិទ ខណៈទីក្រុងការ៉ាកាស់កំពុងតស៊ូប្រឆាំងនឹងការផ្ដល់មនុស្សធម៌របស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអាម៉េរិក នេះបើតាមការប្រកាសរបស់ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នៅតាមកញ្ចក់ទូរទស្សន៍រដ្ឋនាថ្ងៃព្រហស្បត្តិ៍ម្សិលមិញ។

នាឱកាសនោះដែរ ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានអះអាងថា រូបលោកក៏កំពុងពិចារណាបិទព្រំដែនជាមួយកូឡុំប៊ីផងដែរ សំដៅកាត់ផ្ដាច់ការទទួលជំនួយពីបរទេសរបស់គណបក្សប្រឆាំង ហើយលោកនៅតែចោទប្រកាន់ដដែលថា ការផ្ដល់ជំនួយមនុស្សធម៌នេះ គឺជាលេសគាំទ្រគណបក្សប្រឆាំង និងចង់ឈ្លានពានទម្លាក់រូបលោកចេញពីតំណែង។

គួរកត់សម្គាល់ផងដែរថា លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្លាប់បានបដិសេធថា វេណេស៊ុយអេឡាមិនមែនកំពុងស្ថិតនៅក្នុងវិបត្តិមនុស្សធម៌ ដូចដែលទីក្រុងវ៉ាស៊ីនតោនលើកឡើងនោះទេ ប៉ុន្តែលោក ម៉ាឌូរ៉ូ បែរជាអះអាងនៅក្នុងសប្ដាហ៍នេះថា វេណេស៊ុយអេឡានឹងបើកទ្វារទទួលជំនួយមនុស្សធម៌៣០០តោនពីប្រទេសរុស្ស៊ី៕ធ.ដ
