អាជីវកម្មចុះបញ្ជីថ្មីនៅប្រទេសថៃកើនឡើង៧៨ភាគរយ ក្នុងខែដំបូងនៃឆ្នាំ២០១៩
អត្ថបទដោយ៖
Kien Sereyvuth
ការចុះបញ្ជីអាជីវកម្មនៅប្រទេសថៃបានកើនឡើង៧៨ភាគរយ កាលពីខែមករា ២០១៩កន្លងទៅ ក្នុងនោះ អាជីវកម្មលើការដឹកជញ្ជូន នាំមុខគេ បន្ទាប់មកពីការវិនិយោគអេឡិចត្រូនិច និងភាពសកម្មនៃរបៀងសេដ្ឋកិច្ចភាគខាងកើត EEC នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២២ កុម្ភៈនេះ។

លោក Vuttikrai Leewiraphan អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍធុរកិច្ច បាននិយាយថា ការចុះបញ្ជីអាជីវកម្មថ្មីៗបានឈានដល់៧៣១១អាជីវកម្ម កាលពីខែមុន ប្រៀបធៀបនឹងខែធ្នូ ២០១៨ មានត្រឹម៤១០២អាជីវកម្ម ហើយកាលពីខែមករា ២០១៨ មាន៦៩៦៥អាជីវកម្ម។

លោកបន្តថា ការកើនឡើងខ្លាំងនេះ គឺដោយសារតែកំណើនខ្លាំងនៃគម្រោងហេដ្ឋារចនាសម្ពន្ធនានា ភាពប្រសើរឡើងវិញនៃទេសចរណ៍ និងជំនឿទុកចិត្តពីវិនិយោគិនកាន់តែធំ៕ធ.ដ

