គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្លាប់ម្នាក់ របួសស្រាលម្នាក់
ភ្នំពេញ៖ នារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីបើកម៉ូតូឌ្រីម១២៥ វ៉ាជែងរថយន្តក្រុងមិនផុតជ្រុលទៅបុកម៉ូតូលេតជិះបញ្ច្រាស់ទិស កាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូវ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នារីរងគ្រោះឈ្មោះ កង ភារម្យ អាយុ២៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

មុនកើតហេតុ នារីរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1I-3318 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តក្រុង មិនផុតជ្រុលបុកជាមួយម៉ូតូលេត បើកច្រាស់ទិសគ្នា បើកបរដោយយុវជនម្នាក់ឈ្មោះ ផាន សាវនា អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅ ភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ នារីរងគ្រោះបានស្លាប់នៅនឹងកន្លែង និងយុវជនភាគីម្ខាងទៀត រងរបួសស្រាល។

ក្រោយពីសមត្ថកិច្ចជំនាញចុះទៅពិនិត្យរួច ក៏បានប្រគល់សពជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕ធ.ដ

