រថយន្ដសង្គ្រោះបន្ទាន់បុកជាមួយរថយន្ដ Rush របួសធ្ងន់ម្នាក់
ភ្នំពេញ៖ រថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿងបានដឹកអ្នកជំងឺយកទៅសង្គ្រោះ ស្រាប់តែបុកជាមួយនឹងរថយន្តម៉ាកRush បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង ឯរថយន្ត Rush បានរេចង្កូតធ្លាក់ប្រឡាយ កាលពីវេលាម៉ោង១០ និង៣០យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅផ្លូវបេតុង៥០ម៉ែត្រ កែងនឹងផ្លូវព្រៃស ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ដស៊េរីទំនើបម៉ាកRush ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AX-9670 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ៣នាក់ទៀត ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿងពណ៌ស ពាក់ស្លាកលេខរដ្ឋ12 2-0748 ដោយដឹកអ្នកជំំងឺយកទៅមន្ទីពេទ្យរួមទាំងអ្នកកំដរ២នាក់ទៀត បានធ្វើដំណើរពីកើតទៅលិច(បញ្ច្រាស់គ្នា)ក្នុងល្បឿនលឿនដូចគ្នា។

ពេលនោះក៏បានបុកបញ្ឆិតពីមុខពីចំហៀងរថយន្ដ បណ្ដាលឲ្យរថយន្ដសាមុយក្រឡាប់ផ្ងារជើងម្ខាង និងធ្វើឲ្យអ្នកជំំងឺម្នាក់នៅក្នុងរថយន្ដរងរបួសធ្ងន់ ចំណែកឯរថយន្ដម៉ាកRush រេចង្កូតធ្លាក់ប្រឡាយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ។

ក្រោយកើតហេតុ អ្នកជំងឺជាជនរងគ្រោះ ត្រូវខាងរថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿងទៀតដឹកយកទៅសង្គ្រោះឯមន្ទីពេទ្យ។ ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លឺងកើតហេតុ និងធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕ធ.ដ
