យុវជនម្នាក់បើករថយន្តបុកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ យុវជនម្នាក់ទំនងជាងងុយដេក បានបើករថយន្តសាំយ៉ុងក្នុងល្បឿនលឿន ហើយក៏រេចង្កូតទៅបុករបាំងថ្មព្រុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់មួយកង់ ឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីវេលាម៉ោង ១ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលកើតហេតុ មានយុវជនម្នាក់បើករថយន្តបង្កម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-7617 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បួងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់១កង់ រីឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនធ្វើឲ្យមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ក្រុងមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕ធ.ដ
