ស្រវឹងស្រាដើររកត្រី ដួលផ្កាប់មុខឈ្លក់ទឹកត្រពាំងស្លាប់
ភ្នំពេញ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ផ្កាប់មុខក្នុងទឹកត្រពាំង សង្ស័យស្រវឹងស្រាដើររកត្រី ដួលផ្កាប់មុខឈ្លក់ទឹកស្លាប់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ ខេកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅមាត់ត្រពាំងទឹក ក្នុងភូមិតាជេត សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ។

ក្រោយពីភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញខណ្ឌចុះទៅពិនិត្យជាក់ស្តែង ហើយស្គាល់អត្តសញ្ញាណហើយ ឈ្មោះ យ៉ែម រី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ និងរកត្រី ជាបុរសពោះម៉ាយ ស្នាក់នៅផ្ទះជួល ក្នុងភូមិបឹងឈូក សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។

តាមស្រ្តីឈ្មោះ ម៉ូវ កំសត់ អាយុ៥២ឆ្នាំ រស់នៅជាប់កន្លែងកើតហេតុ បានឲ្យដឹងថា មុនប្រទះឃើញសាកសព គាត់បានដឹកគោមកចងនៅមាត់ត្រពាំងចំណុចខាងលើ ស្រាប់តែប្រទះឃើញសាកសពតែម្តង ទើបរត់ទៅប្រាប់អ្នកភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យមើលតែម្តង។ តាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ ដើររកត្រីរាល់ថ្ងៃ យប់ ដើម្បីចិញ្ចឹមជីវិត។ មុនកើតហេតុ នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ជនរងគ្រោះជុំគ្នាជាមួយអ្នកភូមិ ផឹកស៊ី ហើយចែកផ្លូវគ្នារៀងខ្លួន ស្រាប់តែនៅព្រឹកថ្ងៃទី២០ នេះបែជាស្លាប់ដោយសារដួលឈ្លក់ទឹកទៅវិញ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួចឃើញថា ក្រោយពីស្រវឹងស្រា ដើររកត្រី មានកាន់ដាវមួយដើម ពាក់ភ្លើងពិល នៅលើក្បាល លុះពេលដួលផ្កាប់មុខចូលទឹក ងើបមិនរួច ទើបបណ្តាលឲ្យឈ្លក់ស្លាប់តែម្តង ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ ហើយបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ