ក្រុមហ៊ុនផលិតរថយន្តជប៉ុន ហុងដា សម្រេចបិទរោងចក្រនៅអង់គ្លេស
កាលពីថ្ងៃទី១៩ កុម្ភៈ ម្សិលមិញ ក្រុមហ៊ុនផលិតរថយន្តនៃប្រទេសជប៉ុនឈ្មោះថា Honda បានប្រកាសជាផ្លូវការអំពីការសម្រេចចិត្តបិទរោងចក្រដំឡើងរថយន្តនៅក្រុង Swindon នៃចក្រភពអង់គ្លេសនៅឆ្នាំ២០២១ ដែលទង្វើនេះទំនងជានឹងត្រូវនាំឲ្យអង់គ្លេស ប្រឈមការបាត់បង់ការងារចំនួន៣៥០០កន្លែង។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honda លោក Takahiro Hachigo បានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ក្រោមក្របខណ្ឌនៃផែនការរៀបចំរចនាសម្ព័ន្ធថ្មីជាលក្ខណៈជាសកលរបស់ក្រុមហ៊ុន ប៉ុន្តែ Honda នឹងនៅតែបន្តរក្សាទីស្នាក់ការប្រចាំតំបន់អឺរ៉ុបរបស់ខ្លួន នៅអង់គ្លេសដដែល។

រដ្ឋាភិបាលអង់គ្លេសបានសម្តែងការសោកស្តាយ និងខកចិត្តជាខ្លាំង ជុំវិញការសម្រេចចិត្តរបស់ក្រុមហ៊ុន Honda ជុំវិញគម្រោងបិទទ្វាររោងចក្ររថយន្តតែមួយគត់របស់ក្រុមហ៊ុននេះនៅអង់គ្លេសនោះ។ ការសម្រេចបិទទ្វាររោងចក្ររថយន្តរបស់ក្រុមហ៊ុនជប៉ុននេះ ត្រូវបានសង្ស័យថាពាក់ព័ន្ធនឹងបញ្ហា ដកចក្រភពអង់គ្លេសចេញពីអឺរ៉ុប៕ធ.ដ


