ធនាគារកសិកម្មរបស់ថៃផ្តល់កម្ចីទិញរថយន្តដឹកសំណល់អំពៅ បញ្ចៀសការដុតនៅចម្ការនាំឲ្យបំពុលបរិស្ថាន
ធនាគារកិច្ចសហប្រតិបត្តិការកសិកម្មរបស់ថៃ ហៅកាត់ថា BAAC បានសម្រេចផ្តល់កម្ចី៦ពាន់លានបាត សម្រាប់សហគ្រាសសហគម និងកិច្ចសហការលើវិស័យកសិកម្ម ដើម្បីទិញរថយន្តសម្រាប់ដឹកជញ្ជូនសំណល់កសិផលពីវាលស្រែ បញ្ចៀសការដុតសំណល់ទាំងនោះ នាំឲ្យមានការបំពុលបរិស្ថាន។

រថយន្តដែលត្រូវទិញទាំងនោះ សម្រាប់ដំណាំអំពៅជាដើម ដោយមានតម្លៃប្រមាណជាង១០លានបាត ក្នុងមួយគ្រឿង ហើយធនាគារគ្រប់គ្រងដោយក្រសួងហិរញ្ញវត្ថុថៃមួយនេះត្រូវផ្តល់កម្ចីសម្រាប់ការសម្រួលបញ្ជាទិញ នេះបើតាមលោក Apirom Suprasert ប្រធានធនាគារ។

លោកបញ្ជាក់ដែរថា សម្រាប់លក្ខខណ្ឌសម្រាប់ការខ្ចីនេះ អ្នកខ្ចីត្រូវតែមានរោងចក្រអំពៅ ហើយត្រូវគិតការប្រាក់៤ភាគរយ ក្នុង១ឆ្នាំ ប៉ុន្តែរាជរដ្ឋាភិបាលត្រូវជួយ២ភាគរយ សម្រាប់រយៈពេល៣ឆ្នាំ។ កម្ចីនេះត្រូវបានគេជឿជាក់ថា នឹងជួយកាត់បន្ថយការដុតសំណល់ដើមអំពៅ និងសំណល់កសិផលផ្សេងៗទៀត នៅទីវាលដំណាំ ព្រោះថា ការដុតនេះកំពុងបំពុលបរិយាកាសធ្ងន់៕ធ.ដ



