សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកជាង១០នាក់ បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់ម៉ូតូអ្នកដំណើរ
ភ្នំពេញ៖ យុវជនប្រុសស្រី៤នាក់ ជិះម៉ូតូ២គ្រឿងបំណងទៅលេងស្រុកកំណើតនៅខេត្តកំពត តែដល់ត្រង់ចំណុចរង្វង់មូលចោមចៅ សង្កោត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែត្រូវក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់ បានជិះម៉ូតូមកវាយបណ្ដាលឲ្យរបួសស្រាល និងបម្រុងប្លន់យកម៉ូតូ តែត្រូវសមត្ថកិច្ចឃើញដេញឃាត់ខ្លួនបាន២នាក់ កាលពីវេលាម៉ោង២ និង១៥នាទីរំលងអាធ្រាត ឈានចូលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមសម្ដីជនរងគ្រោះបានប្រាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង បានធ្វើដំណើរចុះពីស្ពានព្រែកតាមាក់ ទៅលេងស្រុកកំណើតនៅខេត្តកំពក ធ្វើដំណើរមកដល់ត្រង់រង្វង់មូលចោមចៅ ក៏មានក្មេងស្ទាវមួយក្រុមជាង១០នាក់ បានជិះម៉ូតូ៤គ្រឿង តាមមកពីក្រោយ ហើយបានធ្វើសកម្មភាពវាយយុវជន២នាក់បណ្ដាលឲ្យរងរបួស និងបម្រុងប្លន់យកម៉ូតូ តែត្រូវជនរងគ្រោះបានដកសោម៉ូតូចេញ និងគេចខ្លួន ចំណែកឯនារី២នាក់ត្រូវជាបងស្រីជនរងគ្រោះឃើញដូចនេ ក៏បានទាក់ទងទៅខាងសមត្ថកិច្ចប៉ុសិ៍ចោមចៅ៣ និងបានធ្វើការឡោមព័ន្ធស្ទាក់ចាប់បាន២នាក់ រួមទាំងម៉ូតូ១គ្រឿងម៉ាក ស៊ុយស៊ុគី ឡេត ផងដែរ។

ក្រោយពីបានឃាត់ខ្លួនជនសង្ស័យរួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងជនរងគ្រោះមកកាន់ប៉ុស្ដិ៍នគរបាលចោមចៅ៣ ដើម្បីធ្វើការសាកសួរ និងអនុវត្តន៍តាមនីតិវិធី៕ធ.ដ

