មេបញ្ជាការកងទ័ពជើងគោក៖ នាយទាហានគ្រប់រូបទាំងអស់ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលយុទ្ធវិធីកងទ័ព គឺសុទ្ធតែមានសមត្ថភាពជំនាញប្រយុទ្ធ

អត្ថបទដោយ៖
Kien Sereyvuth

ថ្លែងនៅក្នុងពិធីសម្តែងលំហាត់សំយោគអន្តរាវុធ បញ្ចប់វគ្គរបស់និស្សិត នាយទាហានទ័ពជើងគោកជំនាន់ទី៧ នៅវិទ្យាស្ថានទ័ពជើងគោក (ថ្លុកតាសេក) ស្ងិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា ពេលនេះប្អូនៗក្លាយជានាយទាហានមានចំណេះដឹង មានសមត្ថភាពជំនាញ មានវិន័យសណ្ដាប់ធ្នាប់ ដែលនេះគឺជាការអភិវឌ្ឍប្រកបដោយមោទនភាពណាស់។

ឯកឧត្តមបានបញ្ជាក់ថា ការយល់ដឹងទាំងអស់នេះ គឺជាសមត្ថភាពមូលដ្ឋានគ្រឹះដើម្បីចែករំលែក និងបំពេញបន្ថែម នៅពេលដែលយើងចេញទៅអនុវត្តដែលជាគោលការណ៍សំខាន់សម្រាប់ការបណ្ដុះបណ្ដាលកងទ័ព ប្រកបដោយមោទនភាព។ ឯកឧត្តម បានថ្លែងអំណរគុណរដ្ឋាភិបាល និងកងទ័ពប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយបណ្ដុះបណ្ដាលកសាងហេដ្ឋាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្តល់លទ្ធភាពឲ្យប្អូនៗបានចេញទៅបំប៉នបន្ថែមនៅប្រទេសចិនតាមជំនាញរបស់ខ្លួនហើយឯកឧត្តមសូមឲ្យភាគីចិនបន្តការជួយជ្រោមជ្រែងការងារនេះតទៅទៀតដល់កងទ័ពកម្ពុជា។

ឯកឧត្តមបានបន្តថា៖ការកសាងកម្លាំងធនធានមនុស្ស ក្នុងជួរកងទ័ព គឺដើម្បីពង្រឹងវិស័យការពារជាតិ ធានាសម្រាប់អ្នកបន្តវេនដែលជាកម្លាំងចាំបាច់ក្នុងការដឹកនាំនិងជាឆ្អឹងខ្នងនៅក្នុងវិស័យការពារជាតិបង្កើនភាពក្លាហាននិងភាពម្ចាស់ការក្នុងការការពារទឹកដី ដែលនេះគឺជាភារកិច្ចសំខាន់បំផុត នៅក្នុងនាមជាកងទ័ពជាតិ។ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកបានរំលឹកថា សម្ភារគ្រាន់តែជាឧបករណ៍បង្កើនប្រសិទ្ធិភាពប្រយុទ្ធទេសំខាន់លើយុទ្ធមិត្តយើងម្នាក់ៗត្រូវមានឆន្ទៈការទុកចិត្តលើខ្លួនឯង ក្នុងសមត្ថភាពប្រយុទ្ធព្រោះឆន្ទ:ធ្វើឲ្យយើងមានម្ចាស់ការរៀបចំប្រយុទ្ធ។

ឯកឧត្តមបានបញ្ជាក់ថា កទ័ពត្រូវមានមានមោទនភាពជាតិខ្មែរ ការពារបូរណភាពទឹកដី មានជំហររឹងម៉ាំជំហរច្បាស់លាស់ ជឿទុកចិត្តលើរាជរដ្ឋាភិបាល និងត្រូវការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋាភិបាលស្របច្បាប់។ គោលដៅធំរបស់យើងត្រូវការពារ សុខសន្តិភាព ស្ថិរភាព ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ និងសម្រាប់ខ្មែរតែមួយ។ កងទ័ពប្រឆាំងដាច់ខាតជនណាដែលញុះញង់អូសទាញដើម្បីបម្រើនយោបាយជាប្រយោជន៍ណាមួយដែលអាចធ្វើអោយបែកបាក់ផ្ទៃក្នុងជាតិ និងប៉ុនប៉ងបំផ្លិចបំផ្លាញសុខសន្តិភាព សេចក្តីសុខប្រជាពលរដ្ឋ។

ឯកឧត្តមបានផ្តាំផ្ញើរដល់ ប្អូនៗជាសិក្ខាកាមនាយទាហានទាំងអស់ត្រូវ តស៊ូ ខិតខំប្រឹងប្រែង អត់ធ្មត់បន្តទៀត ដើម្បីភាពជោគជ័យ នេះគឺជាមោទនភាពណាស់ដែលមាន នាយទាហានប្រកបដោយសមត្ថភាព និងកាន់តែមានតម្លៃសម្រាប់កងទ័ពជាតិយើង។ ឯកឧត្តមសូមអបអរសាទរចំពោះលទ្ធផលរបស់ប្អូនៗនិស្សិតនាយទាហានទាំងអស់ និងសូមអបអរសាទរផងដែរ ចំពោះយោធាចារ្យ គណ:គ្រប់គ្រងវគ្គ គណៈគ្រប់គ្រងសាលា និងបុគ្គលិកគ្រប់ថ្នាក់ទាំងអស់ ដែលបានបណ្ដុះបណ្ដាលធនធានសម្រាប់កងទ័ពនៃកងយោធពលខេមរៈភូមិន្ទ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner