មន្ត្រីសេតវិមាន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិកនឹងប្រកាសអាសន្នផ្នែកសន្តិសុខ ដើម្បីទទួលបានមូលនិធិសម្រាប់ជញ្ជាំងព្រំដែន
សហរដ្ឋអាម៉េរិក៖ មន្រ្តីសេតវិមានក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណនិយាយថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវរំពឹងថា នឹងប្រើអំណាចប្រតិបត្តិរបស់លោក ប្រកាសអាសន្នផ្នែកសន្តិសុខ ដើម្បីចំណាយប្រាក់៧ពាន់លានដុល្លារក្នុងការសាងសង់ជញ្ជំាងព្រំដែន។
បើតាមមន្រ្តីសេតវិមានដដែលនេះ ស្របពេលដែលលោក ត្រាំ ត្រៀមនឹងចុះហត្ថលេខាលើសេចក្តីព្រាងកញ្ចប់ថវិកា ដើម្បីបញ្ចៀសការបិទទ្វាររដ្ឋាភិបាលសាជាថ្មីនោះ រូបលោកអាចនឹងប្រើប្រាស់អំណាចប្រតិបត្តិ ក្នុងការប្រមូលមូលនិធិពីស្ថាប័នចម្រុះរបស់រដ្ឋាភិបាល ដើម្បីរួមគ្នាជួយផ្តល់លុយសម្រាប់ការសាងសង់ជញ្ជាំងនៅតាមព្រំដែនអាម៉េរិក និងម៉ិកស៊ិក ក្នុងនោះរួមមានទាំងការប្រកាសភាពអាសន្នផ្នែកសន្តិសុខផងដែរ។
សូមរំលឹកឡើងវិញថា សភាទាំងពីររបស់សហរដ្ឋអាម៉េរិកបានបោះឆ្នោតអនុម័តកញ្ចប់ថវិកាសហព័ន្ធ ដែលសំដៅបញ្ចៀសការបិទទ្វាររដ្ឋាភិបាលរហូតដល់ចុងខែកញ្ញាខាងមុខ ក្នុងនោះមានការផ្ដល់ថវិកា១,៣៧ពាន់លានដុល្លារដល់គម្រោងពង្រឹងសន្តិសុខព្រំដែនរបស់លោក ដូណាល់ ត្រាំ ដោយរួមមានទាំងការសាងសង់របងព្រំដែនបន្ថែមជាមួយផ្នែកខ្លះនៃតំបន់ព្រំដែនជាប់ប្រទេសម៉ិកស៊ិក ក៏ប៉ុន្តែវាមិនមែនជាកញ្ចប់ថវិកា៥,៧ពាន់លានដុល្លារដែលលោក ត្រាំ ចង់បាននោះឡើយ៕ម.ន


