រថយន្តមិនចាំម៉ាកបុកជាមួយម៉ូតូ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ស្ត្រីម្នាក់បានបែកក្បាលស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ បន្ទាប់ពីជិះម៉ូតូឌ្រីមឌុបគ្នា ហើយត្រូវរថយន្តមិនចាំម៉ាកបុកហើយកិនរួចបើកគេចបាត់។ ហេតុការណ៍នេះ បានកើតកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវបេតុង ទល់មុខវិទ្យុABC ក្នុងភូមិព្រែកថ្លឹងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវ។

តាមប្រភពពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញអ្នកទាំងពីរជិះម៉ូតូហុងដាឌ្រីម០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1H -4175 ឌុបគ្នាធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនល្មម មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាក និងស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាស់ទិសគ្នា ហើយបានបុកម៉ូតូយ៉ាងពេញទំហឹង និងកិនចំក្បាលនារីអង្គុយក្រោយបណ្ដាលឲ្យបែកធ្លាយខួរស្លាប់ មួយរំពេច រីឯយុវជនម្នាក់ជាអ្នកឌុបបានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ។ ចំណែករថយន្តបង្ក បានបន្ថែមល្បឿនបើករត់គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុក រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចនឹងស្រាវជ្រាវស្វែងរកក្រុមគ្រួសារឲ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner