ចិនជំរុញឲ្យសហរដ្ឋអាម៉េរិកឈប់បង្កភាពតានតឹង និងបំផ្លាញសន្តិភាពក្នុងតំបន់
ចិន៖ រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសធ្វើការរិះគន់លើសហរដ្ឋអាម៉េរិក បន្ទាប់ពីនាវាពិឃាតអាម៉េរិក២គ្រឿងនៅក្នុងថ្ងៃច័ន្ទនេះ បានធ្វើដំណើរមកក្បែរប្រជុំកោះនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈន់យីង បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែតាំងចិត្តសំដៅបង្កបញ្ហានៅសមុទ្រចិនខាងត្បូង និងបង្កើតភាពតានតឹងកាន់តែខ្លាំង ព្រមទាំងបំផ្លាញសុខសន្តិភាពនៅក្នុងតំបន់ ហើយលោកស្រីបានស្នើឲ្យអាម៉េរិក បញ្ឈប់សកម្មភាពបង្កហេតុនានាជាបន្ទាន់។

គួរបញ្ជាក់ថា នាវាពិឃាតអាម៉េរិក USS Spruance និង USS Preble បានធ្វើនាវាចរនៅចម្ងាយ២២គីឡូម៉ែត្រពីតំបន់ថ្មប៉ប្រះទឹក Mischief Reef ក្នុងតំបន់ភាគខាងកើតនៃប្រជុំកោះ Spratly ដែលមានបញ្ហាវិវាទនៅដែនសមុទ្រចិនខាងត្បូង ហើយប្រតិបត្តិការរបស់នាវាទាំងគ្រឿងនេះ គឺជាសកម្មភាពថ្មីចុងក្រោយគេបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់នូវអ្វីដែលខ្លួនមើលឃើញថា ជាការខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការដាក់កំហិតលើសេរីភាពនាវាចរ នៅក្នុងតំបន់ផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ៕ធ.ដ

