អ៊ីរ៉ង់ព្រមានវាយប្រហារអ៊ីស្រាអែល បើសិនសហរដ្ឋអាម៉េរិកវាយប្រហារលើប្រទេសខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ង់៖ មេបញ្ជាការម្នាក់នៃកងឆ្មាំការពារជាតិអ៊ីរ៉ង់ (IRGC) លោក Yadollah Javani បានព្រមាននៅក្នុងថ្ងៃច័ន្ទនេះថា ប្រទេសរបស់ខ្លួននឹងកម្ទេចទីក្រុងតែលអាវីវ និងហៃវ៉ា របស់ប្រទេសអ៊ីស្រាអែល បើសិនសហរដ្ឋអាម៉េរិកហ៊ានបើកការវាយប្រហារមកលើអ៊ីរ៉ង់។

សូមរំលឹកថា យោធាអ៊ីរ៉ង់កាលពីខែមករាកន្លងទៅក៏ធ្លាប់បានព្រមានលុបប្រទេសអ៊ីស្រាអែលទាំងមូលចេញពីផែនទីពិភពលោកផងដែរ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើមូលដ្ឋានទ័ពអ៊ីរ៉ង់ជាច្រើនកន្លែង នៅក្នុងប្រទេសស៊ីរី។

ចំណែកការព្រមានសាជាថ្មីខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលប្រជាជនអ៊ីរ៉ង់រាប់សែននាក់ប្រមូលផ្តុំគ្នានៅទូទាំងផ្ទៃប្រទេស ដើម្បីអបអរខួប៤០ឆ្នាំនៃជ័យជម្នះបដិវត្តន៍អ៊ីស្លាម ដែលបានប្រែក្លាយប្រទេសអ៊ីរ៉ង់ពីរបបរាជានិយម មកជាសាធារណរដ្ឋអ៊ីស្លាមដូចសព្វថ្ងៃ៕ធ.ដ

