រថយន្ដមិនស្គាល់ម៉ាកបើកគៀរម៉ូតូដួលចូលរថយន្ដកុងតឺន័រ របួសធ្ងន់ពីរនាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ស្ត្រីពោះធំម្នាក់ រួមជាមួយប្ដីបានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ក្រោយពីជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដមិនស្គាល់ម៉ាកបើកគៀរឲ្យដួលអូសចូលក្រោមរថយន្ដកុងទីន័រ កាលពីវេលាម៉ោង១២រំលងអាត្រធ្រា ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ពេលកើតហេតុគេឃើញប្តី និងប្រពន្ធមានផ្ទៃពោះ បានជិះម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខភ្នំពេញ1FP-8279 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាកបើកគៀរពីក្រោយបណ្ដាលឲ្យម៉ូតូដួលអូសចូលពីក្រោមរថយន្ដកុងទីន័រ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3D-2370 ដែលធ្វើដំណើរស្របគ្នា ហើយកិនម៉ូតូអូសប្រហែល៥ម៉ត្រ និងបណ្ដាលឲ្យរងការខូចខាត និងធ្វើឲ្យប្ដីប្រពន្ធរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner