ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីឆក់ទូរសព្ទIPhone X ពីជនជាតិចិន មានភ្ជាប់GPS
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ តាមរយៈទូរសព្ទដែលភ្ជាប់ប្រព័ន្ធ GPS របស់ជនរងគ្រោះដែលជាជនជាតិចិន ក្រោយពីត្រូវបានជនសង្ស័យជិះម៉ូតូ មកឆក់ទូរសព្ទ IPhone X បានសម្រេច នៅម្ដុំគីរីរម្យ ខណ្ឌចំការមន កាលពីម៉ោង០១:១៥នាទីយប់ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយជនសង្ស័យបានគេចខ្លួនមកពួនសម្ងំក្នុងបន្ទប់ជួលមួយកន្លែង នៅផ្លូវលំ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ុន សុភ័ត្តា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនជាតិចិនម្ចាស់ទូរសព្ទ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ សម្ភារដកហូតមាន ម៉ូតូ១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំចាត់ការបន្តតាមនិតិវិធី៕ធ.ដ


