រថយន្តឡិចស៊ីស RX300 បើកបុកបង្កាន់ដៃស្ពានបឹងសាឡាង រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់ និងនារីម្នាក់រួមដំណើរដោយរថយន្តឡិចស៊ីស RX300 បានបើកបុកបង្កាន់ដៃស្ពានបឹងសាឡាង បណ្ដាលឲ្យរថយន្តដាច់កាឡែកង់មុខរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចស្ពានថ្មបឹងសាឡាង តាមបណ្ដោយផ្លូវ៣៣៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-9457 បើកបរដោយបុរសម្នាក់ និងនារីម្នាក់រួមដំណើរជាមួយ បានបើកបរតាមបណ្ដោយផ្លូវ៣៣៦ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងមិច ក៏បានរេចង្កូតទៅបុកបង្កាន់ដៃស្ពាន របើកគល់ស្ពានបន្តិច តែរថយន្តបង្កបានដាច់កាឡែកង់មុខផ្នែកខាងស្ដាំ រងការខូចខាតយ៉ាងដំណំ សំណាងដែរមិនបណ្ដាលឲ្យរថយន្តធ្លាក់ប្រឡាយទឹកស្អុយ និងមិនធ្វើឲ្យមនុស្សរងរបួស។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់៕ធ.ដ

