ជិះម៉ូតូបញ្ច្រាស់ទិសឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀតបុកពេញទំហឹង របួសធ្ងន់ស្រាល៣នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍បំណងឆ្លងផ្លូវ តែត្រូវម៉ូតូសិស្សសាលាជិះគ្នាពីរនាក់បុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ២១៧ មុខវត្តសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្កុបពី ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AX-4986 ធ្វើដំណើរបញ្ច្រាស់ទិសដៅបំណងឆ្លងផ្លូវ ពេលនោះ ក៏មានម៉ូតូម៉ាកស្កូបពីមួយគ្រឿងទៀត ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1GV-8959 ជិះដោយយុវជនសិស្សសាលាពីរនាក់ក្នុងទិសដៅពីត្បូងទៅជើង បានបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាង។

តាមប្រភពពីយុវជនសិស្សសាលាម្នាក់ដែលរងរបួសស្រាលបានឲ្យដឹងថា រូបគេ និងប្អូនប្រុសបានឌុបគ្នាចេញពីផ្ទះនៅក្នុងបុរីពីភពថ្មីចម្ការដូង បំណងទៅរៀននៅសាលាបាក់ទូក តែមកដល់ចំណុចខាងលើក៏ជួបគ្រោះថ្នាក់តែម្ដងទៅ។ ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងធ្វើការវាស់វែងយកម៉ូតូទាំងពីគ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner