រដ្ឋលេខាក្រសួងព័ត៌មាន ស្នើ៣ចំណុចបន្ថែមដល់ក្រុមបេសកកម្ម I Love Cambodia ដើម្បីបន្តជួយដល់កម្ពុជា បន្ទាប់ពីមូលនិធិជួយដល់កុមារកម្ពុជា និង មន្ទីរពេទ្យគន្ធបុប្ផាជោគជ័យ
បើទោះបីជាគ្មានលុយទាំងដុំដើម្បីផ្តល់ដល់មន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែ មានយុវវ័យ និង ពលរដ្ឋជាច្រើន បានចូលរួមគាំទ្រ តន្ត្រីបេសកកកម្មស្នាមញញឹម នៃក្តីស្រឡាញ់ ដើម្បីជួយដល់កុមារកម្ពុជា និង ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការទិញសំបុត្រចូលរួមទស្សនា តន្ត្រី និង ការសំដែងសិល្បៈនានា នៅផ្សារទំនើបអ៊ីអនម៉ល២ (AEON Mall 2) នាល្ងាចថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១៩។ ការរៀបចំកម្មវិធីនេះឡើង បើតាមស្ថានិក I Love Cambodia បញ្ជាក់ថា ថវិកា ដែលបានមកពីការលក់សំបុត្រ ទាំងអស់ នឹងត្រូវបានប្រគល់ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា ១០០% តែម្តង ហើយក្រុម សិល្បៈ និង តារាសំដែង គឺសុទ្ធតែ អ្នកស្ម័គ្រចិត្រ ដែលមានវ័យក្មេង ជាយុវជនជំនាន់ក្រោយ មិនបានគិតកំរៃ នោះទេ គឺបានប្រើអស់កម្លាំងកាយចិត្ត ដើម្បីចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។
តំណាងឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់ទុកតន្ត្រីសប្បុរសធម៌នេះ ជាកាយវិការចូលរួមជួយដល់កុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សី របស់កម្ពុជា តាមរយៈការថែទាំ សុខមាលភាពកុមារ ឲ្យមានសុខភាពរឹងមាំ។ ឯកឧត្តម ក៏បានសរសើរដល់ ក្រុមការងារបេសកកម្មស្នាំញញឹម នៃក្តីស្រឡាញ់ ដែលបានចូលរួមជួយ ដល់សង្គមតាមរយៈ ការររួម ចំណែក រៃអង្គាសតន្ត្រី សម្បុរសធម៌នេះ។ ឯកឧត្តម ក៏បានលើកឡើងពីកត្តាសន្តិភាព ផងដែរ ដែលបានផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ មានពេលវេលា គ្រប់គ្រាន់ក្នុង ការរៀន សូត្រ ស្រាវជ្រាវ រឺ អាចជួយការងារសង្គមផ្សេងទៀត ខណៈទំនេរពីការសិក្សា។
នៅចំពោះមុខមហាជន និង ក្រុមតារាស្ម័គ្រចិត្រ ដោយមិនគិតកំរៃ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បញ្ជាក់ថា បានស្នើរដល់ក្រុមបេសកកម្ម ស្នាមញញឹម នៃក្តីស្រឡាញ់ បន្តជួយដល់ បរិស្ថានស្អាត ជួយដល់ការងារចរាចរណ៍ និង ជួយចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ដោយទុកយាន្ត ជំនិះផ្ទាល់ខ្លួន ប្រើប្រាស់ រថយន្តក្រុង។ ឯកឧត្តម បន្តថា មន្ទីរពេទ្យគន្ធបុប្ផា មិនត្រឹមតែជួយដល់កុមារកម្ពុជាជាច្រើនលាននាក់ប៉ុណ្ណោះទេ ប៉ុន្តែ កូនរបស់ឯកឧត្តម ផ្ទាល់ក៏បានរស់រាន មានជីវិត ដោយសារ មន្ទីរពេទ្យមួយនេះដែរ។ ឯកឧត្តម នៅតែដឹងគុណជានិច្ច មិនភ្លេចលោកវេជ្ជបណ្ឌិត Beat Richner ដែលបានជួយដល់កុមារកម្ពុជា ដ៏ច្រើនលើស លើផ្នែកសុខភាព បើទោះបីជាលោក មិនមែនជាជនជាតិខ្មែរ ក៏ដោយ ។ ឯកឧត្តម ថាប្រសិនបើយើងគ្មានធនធានកុមារនោះទេ យើងមិនអាចបន្តអភិវឌ្ឍប្រទេសជាតិកម្ពុជា ទៅមុខបានឡើយ។
លោក Beat Richner បានមកធ្វើការនៅមន្ទីរពេទ្យគន្ធបុប្ផានៅឆ្នាំ 1974 និង 1975 តាមរយៈការបញ្ជូនមកដោយកាកបាទក្រហមស្វីស ហើយគាត់ត្រូវបាន បង្ខំឲ្យចេញទៅ ប្រទេសស្វីសវិញនៅពេលដែលខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា។ នៅចុងឆ្នាំ1991 លោកបានត្រលប់មកកម្ពុជាវិញ និងត្រូវបានរដ្ឋាភិបាលកម្ពុជាស្នើរសុំឲ្យសាងសង់ និងបើក ដំណើរមន្ទីរពេទ្យគន្ធាបុប្ផាឡើងវិញ។ លោកបានបង្កើតមូលនិធិ គន្ធបុប្ផា នៅដើមឆ្នាំ1992 និងបានចាប់ផ្តើមសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ។ នៅខែវិច្ឆិកា ឆ្នាំ1992 មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានបើកដំណើរការឡើងវីញ។ មន្ទីរពេទ្យនេះមាន៥សាខា ដែលបង្កើតឡើងដោយលោក Beat Richner។ សាខាទីមួយ និង ទីពីរនៅភ្នំពេញ និងមន្ទីរពេទ្យ ព្រះបាទជ័យវរ្ម័នទី៧ នៅសៀមរាប។ គន្ធបុប្ផាបួនបើកនៅចុងឆ្នាំ2005នៅភ្នំពេញ ហើយបានរួមបញ្ចូលជាមួយគន្ធបុប្ផាមួយ ឯអគារគន្ធបុប្ផាប្រាំ ក៏ស្ថិតនៅភ្នំពេញដែរ ដោយបើក នៅចុង ឆ្នាំ2007។ ការព្យាបាលនៅគន្ធបុប្ផាទាំងអស់ គឺមិនត្រូវបាន គិតប្រាក់ឡើយ៕








