ប្រជាជនឥណ្ឌូណេស៊ីរាប់ពាន់នាក់ត្រូវអាជ្ញាធរជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ខណៈភ្នំភ្លើងការាំងហ្គេតាំង បញ្ចេញកម្អែរផេះ និងភ្លើងយ៉ាងសម្បើម
ឥណ្ឌូណេស៊ី៖ ប្រជាជនច្រើនជាង១,០០០នាក់ ដែលរស់នៅគ្រោះថ្នាក់ជុំវិញភ្នំភ្លើង ការាំងហ្គេតាំង ស្ថិតនៅខេត្តស៊ូឡាវេស៊ីខាងជើង នៅក្នុងថ្ងៃច័ន្ទនេះ ត្រូវបានទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងឥណ្ឌូណេស៊ី ចេញសេចក្តីណែនាំជម្លៀសខ្លួនចេញពីទីនោះជាបន្ទាន់ ក្នុងគ្រាដែលភ្នំភ្លើងនេះ កំពុងតែផ្ទុះបញ្ចេញកម្អែរផេះ និងភ្លើងយ៉ាងសម្បើម។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ី អ្នកភូមិចំនួន០៣ដែលនៅក្នុងគម្លាតពី២ទៅ២,៥គីឡូម៉ែត្រពីមាត់ភ្នំភ្លើង ការាំងហ្គេតាំង ត្រូវបានណែនាំឲ្យជម្លៀសមនុស្សដែលអាចមានចំនួនចន្លោះពី១,០០០នាក់ ទៅ ១,៥០០នាក់ចេញទៅកាន់តំបន់ ដែលមានសុវត្ថិភាពពីការគំរាមកំហែងនៃកម្អែរភ្លើង និងផេះដ៏ក្តៅគគុក។

ទន្ទឹមគ្នានោះដែរ ទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងឥណ្ឌូណេស៊ីក៏បានហាមមិនឲ្យមនុស្សម្នាចូលទៅក្បែរៗតំបន់ក្បែរភ្នំភ្លើងនេះផងដែរ ដោយសារតែភ្នំភ្លើង ការាំងហ្គេតាំង ត្រូវបានគេដឹងថា វាបានស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១២៩ នៅទូទាំងប្រទេសឥណ្ឌូណេស៊ី៕ធ.ដ


