រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះពិនិត្យមើលការប្រមូលផលដំឡូងបារាំង និងការដំាដំណាំកាកាវ នៅខេត្តមណ្ឌលគីរី

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តមស្វាយ សំអ៊ាង គណៈអភិបាលខេត្តមណ្ឌគីរី បានអញ្ជើញចូលរួមប្រមូលផលដំឡូងបារាំងរបស់កសិករលោកគ្រី ម៉េងឈាង នៅភូមិស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

ក្នុងឱកាសនោះ លោកគ្រី ម៉េងឈាង បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រីថា ដំឡូងបារាំង គឺជាដំណាំថ្មី ដែលកសិករមិនទាន់ចាប់អារម្មណ៍ធ្វើការដាំដុះទេ ម៉្យាងទៀតការដាំដុះដំណាំនេះ ទាមទារបច្ចេកទេសខ្ពស់ ជាពិសេសនោះវាកំពុងស្ថិតក្នុងដំណាក់កាលនៃការពិសោធន៍ស្រាវជ្រាវនៅឡើយ។

លោកសង្ឃឹមថា បើការពិសោធន៍បានទទួលជោគជ័យ កសិករនឹងចាប់អារម្មណ៍ដាំច្រើននាពេលអនាគត ពីព្រោះដាំណាំនេះមានទីផ្សារល្អ និងតម្លៃខ្ពស់ទៀតផង។ បច្ចុប្បន្នលក់បានពី៥០០០-៦០០០រៀល/kg  ហើយដោយសារចំណូលនេះហើយធ្វើឱ្យជីវភាពរបស់គ្រួសារគាត់ធូរធារ ព្រោះក្នុង១វគ្គប្រមូលផលគាត់អាចទទួលចំណូលបាន១៧០០០ដុល្លារ(គិតទាំងថ្លៃដើម)។

សូមបញ្ជាក់ថា សកលវិទ្យាល័យភូមិន្ទកសិកម្មសហការជាមួយអង្គការ KOPIA និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តគម្រោងស្តីពីការផ្សព្វផ្សាយ និងផលិតកម្មដំឡូងបារាំងនៅកម្ពុជា។ គម្រោងបាននាំយកពូជពីប្រទេសវៀតណាម កូរ៉េ អាល្លឺម៉ង់ និងកាណាដាជាដើម។ ដោយជ្រើសរើសយកលោក គ្រី ម៉េងឈាង ធ្វើជាដៃគូដាំសាកល្បងតាំងពីឆ្នាំ២០១៦មក រហូតដល់បច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះសកលវិទ្យាល័យភូមិន្ទកសិកម្ម អ្នកស្រាវជ្រាវ និងអង្គការ KOPIA ជាពិសេសម្ចាស់ចម្ការ ដែលបានសហការធ្វើការសិក្សាស្រាវជ្រាវ រហូតទទួលបានលទ្ធផលជាផ្លែផ្កាដូចយើងបានឃើញនាពេលនេះ។ ឯកឧត្តមសូមឱ្យក្រុមការងារបន្តស្រាវជ្រាវបន្ថែមទៀត ប្រយោជន៍ស្វែងរកលទ្ធផលល្អមួយតាមការរំពឹងទុក ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកសិករដាំដំណាំនេះ បានទូលំទូលាយទូទាំងខេត្តមណ្ឌលគីរី ធានាបរិមាណផ្គត់ផ្គង់តម្រូវការទីផ្សារ កាត់បន្ថយការនាំចូល និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនជាជនជាតិភាគតិចនាពេលអនាគត។

ឯកឧត្តមបានបន្ថែមថា គួរស្វែងរកដៃគូវិនិយោគ ដើម្បីធានាដល់និរន្តរភាពផលិត ផ្គត់ផ្គង់ គុណភាព និងអនាម័យ ដោយត្រូវអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ឯកឧត្តមបានស្នើឱ្យគម្រោងសហការជាមួយម្ចាស់ចម្ការ ពិនិត្យលទ្ធភាពរៀបចំជាតំបន់ទេសចរណ៍ ផ្តល់ឱកាសឱ្យភ្ញៀវដកដំឡូង និងទិញផលដំឡូង ដើម្បីបង្កើតការងារបន្ថែម និងបង្កើនចំណូលឱ្យមាននិរន្តរភាព។

តមក ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញបន្តដំណើរមកពិនិត្យចម្ការកាកាវរបស់ក្រុមហ៊ុនកាំកាវ ខូអិលធីឌី ឃុំស្រែអំពូម ស្រុកពេជ្រដា។ លោក ជាន ចាន់ផុល អ្នកគ្រប់គ្រងទូទៅបានឱ្យដឹងថា ដោយពិនិត្យឃើញពីសក្តានុពលនៃទឹកដីខេត្តមណ្ឌលគីរី ក្រុមហ៊ុនបានដាក់ទុនជា៣លានដុល្លារ វិនិយោគលើដំណាំកាកាវតាំងពីឆ្នាំ២០១៤ ក្នុងគោលបំណង៣ គឺ១)ដាំដុះខ្លួនឯង ២)បណ្តុះកូនរួចលក់ជូនដៃគូដាំដូចជា សហគមន៍ ឬកសិករ និង៣)ប្រមូលទិញផលពីដៃគូក្នុងតម្លៃតាមកិច្ចសន្យា។ បច្ចុប្បន្នក្រុមហ៊ុនមានផ្ទៃដីដាំសរុបចំនួន២៤ហត ហើយនៅឆ្នាំ២០១៨ ផ្ទៃដី៨ហត ប្រមូលផលបានគ្រាប់ស្ងួតចំនួន ៤០០kg សម្រាប់ទុកធ្វើពូជ។

នៅដើមឆ្នាំ២០១៩ ក្រុមហ៊ុនបណ្តុះកូនបាន ចំនួន២៧,៥០០ដើម សម្រាប់ទុកដាំលើផ្ទៃដី២៥ហត ដោយសហការដាំជាមួយសហគមន៍ ឬកសិករ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា និងផ្តល់បច្ចេកទេសបន្ថែម។ ឯកឧត្ដមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានខិតខំអភិវឌ្ឍដំណាំកាកាវជាបន្តបន្ទាប់ដោយបានរៀបចំជាខ្សែច្រវាក់ផលិតកម្ម ដាំ វេចខ្ចប់ និងនាំចេញ ហើយសង្ឃឹមថាក្រុមហ៊ុននឹងអាចបង្កើនបរិមាណនាំចេញកាកាវទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀតនាពេលអនាគត។

សូមរំលឹកថា ជាមធ្យមកាកាវដាំបាន៣ឆ្នាំ អាចប្រមូលផលបានពីរដងក្នុងមួយឆ្នាំ ហើយការប្រមូលផលម្តងទទួលបាន ៣,៥-៤តោន/ហត តម្លៃនៅលើទីផ្សារបច្ចុប្បន្នប្រមាណជាង២០០០ដុល្លារ/តោន ហើយមានតម្រូវការខ្ពស់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner