វេណេស៊ុយអេឡាប្រកាសបើកជាផ្លូវការសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត មិនធ្លាប់មាន
អត្ថបទដោយ៖
Kien Sereyvuth
វេណេស៊ុយអេឡា៖ សមយុទ្ធយោធាដែលមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសវេណេស៊ុយអេឡា ត្រូវបានធ្វើឡើងហើយ បន្ទាប់ពីលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសបើកជាផ្លូវការ។

ប្រធានាធិបតីវេណេស៊ុយអេឡារូបនេះ បានប្រកាសបើកសមយុទ្ធនេះ នៅចំពោះមុខវិបត្តិដ៏តានតឹងក្នុងផ្នែកនយោបាយ ក្រោយមេបក្សប្រឆាំង លោក ចូអាន ហ្គៃដួ បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី ហើយទទួលបានការគាំទ្រពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ។

បើតាមការអះអាងរបស់លោក ម៉ាឌូរ៉ូ នោះ ការធ្វើសមយុទ្ធទ្រង់ទ្រាយនេះ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ហើយត្រូវបានរំពឹងថា នឹងជាសមយុទ្ធយោធាធំ និងមានសារសំខាន់បំផុត ក្នុងចំណោមសមយុទ្ធនានាដែលទីក្រុងការ៉ាកាស់ធ្លាប់បានប្រារព្ធឡើង ក្នុងអំឡុងប្រវត្តិសាស្រ្តប្រមាណ២០០ឆ្នាំរបស់ខ្លួន៕ធ.ដ

