ទីក្រុងព្យុងយ៉ាងប្រារព្ធគម្រប់ខួប៧១ឆ្នាំ នៃការបង្កើតកងទ័ពរបស់ខ្លួនដោយស្ងាត់ៗ
កូរ៉េខាងជើង៖ កូរ៉េខាងជើងស្ងាត់ៗបានរៀបចំប្រារព្ធគម្រប់ខួប៧១ឆ្នាំ នៃការបង្កើតកងទ័ពរបស់ខ្លួន ដោយមិនមានការធ្វើព្យុហយាត្រាយោធា ឬក៏ការបង្ហាញសាច់ដុំក្នុងទម្រង់ណាមួយនោះឡើយ។
ប្រារព្ធកម្មវិធីដ៏ធំនេះដែរ ត្រូវបានធ្វើឡើងមុនពេលជំនួបកំពូលលើកទីពីររវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម នាថ្ងៃទី២៧ដល់ទី២៨ ខែកុម្ភៈនេះ ដើម្បីបន្តជំរុញកិច្ចចរចាជុំវិញបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ទិវាខាងលើដែលរម្លឹកពីការបង្កើតកងទ័ពកូរ៉េខាងជើង KPA កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៤៨ គឺជាទិវាជាតិដ៏ធំបំផុតមួយរបស់ប្រទេសកូរ៉េខាងជើង ដោយកាលពីឆ្នាំ២០១៨កន្លងទៅ ពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយត្រូវបានធ្វើឡើងនៅឯទីក្រុងព្យុងយ៉ាង ដើម្បីបង្ហាញពីបរិក្ខារយោធា និងសព្វាវុធចម្រុះផ្សេងៗ ក្នុងឱកាសអបអរគម្រប់ខួប៧០ឆ្នាំ៕ម.ន


