ប្រធានាធិបតីវេណេស៊ុយអេឡាប្រកាសច្រានចោលសេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំនៅអ៊ុយរ៉ាហ្គាយ ដោយចោទថា មានភាពលម្អៀង
វេណេស៊ុយអេឡា៖ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ប្រកាសច្រានចោលសេចក្តីថ្លែងការណ៍របស់ក្រុមទំនាក់ទំនងអន្តរជាតិ ដែលបានបើកកិច្ចប្រជុំនៅអ៊ុយរ៉ាហ្គាយ ក្នុងគោលបំណងស្វែងរកដំណោះស្រាយសន្តិភាព និងប្រជាធិបតេយ្យនៅវេណេស៊ុយអេឡា ដោយលោក ម៉ាឌូរ៉ួ បាននិយាយថា វាមានភាពលម្អៀងទៅរកបក្សប្រឆាំង។
ក្រុមទំនាក់ទំនងអន្តរជាតិនេះ រួមមានសហភាពអឺរ៉ុប (EU) ព្រមទាំងប្រទេសអាម៉េរិកឡាទីន និងអឺរ៉ុបចំនួន១៣ បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ក្នុងនោះក្រុមទំនាក់ទំនងអន្តរជាតិនេះ បានគាំទ្រឲ្យមានការរៀបចំបោះឆ្នោតប្រធានាធិបតីឡើងវិញនៅវេណេស៊ុយអេឡា ដូចទៅនឹងអ្វីដែលក្រុមប្រឆាំងបានទាមទារ។
យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក ម៉ាឌូរ៉ូ បានគួសបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមខាងលើនេះ គឺពុំមានអព្យាក្រឹត្យភាពនៅក្នុងអនុសាសន៍របស់ខ្លួន ជុំវិញមធ្យោបាយដើម្បីជម្នះវិបត្តិនយោបាយដ៏តានតឹងរបស់វេណេស៊ុយអេឡានោះឡើយ ហើយលោក ម៉ាឌូរ៉ួ ថែមទាំងបានអញ្ជើញអ្នកតំណាងនៃក្រុមទំនាក់ទំនងអន្តរជាតិនេះ ឲ្យមកកាន់វេណេស៊ុយអេឡា ដើម្បីជជែកពិភាក្សាគ្នាផងដែរ៕ម.ន


