រថយន្ត Volvo ចំនួន១៦៧០០០គ្រឿង ត្រូវបានប្រមូលមកជួសជុលវិញ ដោយសារបញ្ហាទ្វារក្រោយ
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមហ៊ុនផលិតរថយន្ត Volvo បានឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញថា ក្រុមហ៊ុនបានប្រកាសប្រមូលយកមកវិញនូវរថយន្តរបស់ខ្លួនដែលបានដាក់លក់លើទីផ្សាររួចហើយនោះ ដល់ទៅ១៦៧០០០គ្រឿង ទូទាំងពិភពលោក ដោយសារតែបញ្ហាទ្វារខាងក្រោយ។

ការប្រកាសនេះបានធ្វើឡើង ត្រឹម២សប្តាហ៍ ក្រោយពេលក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសស៊ុយអែត និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chinese Group Geely មួយនេះ បានប្រកាសប្រមូលមកវិញដែរនូវរថយន្តរបស់ខ្លួន២១៩០០០គ្រឿង ដោយសារតែបញ្ហាលេចប្រេង កើតចេញពីសំណុំម៉ាស៊ីន។

ក្រុមហ៊ុនបញ្ជាក់ថា នេះគឺជាសកម្មភាពទប់ស្កាត់មុន បញ្ចៀសនឹងបញ្ហានៅពេលក្រោយ។ អតិថិជនដែលបានទិញរថយន្តទាំងនេះ គឺទទួលបានលិខិតពីក្រុមហ៊ុន ដើម្បីទាក់ទងទៅភ្នាក់ងារធ្វើការជួសជុលដោយមិនគិតថ្លៃ៕ធ.ដ

