រថយន្ដមិនចាំម៉ាកបើកគៀរម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់ធ្លាក់ចូលក្រោមកង់រថយន្ដកិនស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា ត្រូវរថយន្ដមិនស្គាល់ម៉ាកបើកគៀរបណ្ដាលឲ្យដួលធ្លាក់អ្នកអង្គុយពីក្រោយ ចូលក្រោមកង់រថយន្ដកិនស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសស្រាល ហើយភ្លាមៗនោះរថយន្ដបង្កបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំនុចស្ដុបលូប្រាំ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។សពជនរងគ្រោះមានឈ្មោះ ឡាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅម្ដុំទួលពង្រ ខណ្ឌពោធិ៍សែនជ័យ។

បើតាមប្រភពពីជនរងគ្រោះម្នាក់ជាអ្នកឌុបបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំង២នាក់បានជិះ ម៉ូតូម៉ាកហុងដាឌ្រីមស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ1M-0483 ចេញពីផឹកសុីនៅម្ដុំទួលពង្រហើយ គិតថាទៅដើរលេងនៅកោះពេជ្រ តែពេលជិះម៉ូតូឌុបគ្នាមកដល់ស្តុបលូប្រាំក៏នាំគ្នាបត់ត្រឡប់ក្រោយវិញព្រោះគិតថាខ្លាចយប់ជ្រៅពេក ខ្លាចព្រឹកធ្វើការមិនកើត។

ពេលដែលបត់ត្រឡប់ក្រោយបានប្រហែល២០ ទៅ៣០ម៉ែតក៏ត្រូវរថយន្ដធុនធំមិនចាំម៉ាកមួយគ្រឿងបើកមកគៀរបណ្ដាលឲ្យដួល និងធ្វើឲ្យអ្នកអង្គុយខាងក្រោយធ្លាក់ចូលក្រោមកង់រថយន្ដកិនស្លាប់ភ្លាមៗតែម្ដង និងអ្នកឌុបរងរបួសស្រាល។

ក្រោយពីកើតហេតុ  សមត្ថកិច្ចបានចុះមកដល់ និងធ្វើកំណត់ហេតុសពជនរងគ្រោះ ព្រមទាំងទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ៣ រងចាំយកឯកសារគ្រប់គ្រាន់មកផ្ទៀងផ្ទាល់ទើបប្រគល់ឲ្យវិញ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner