ក្រសួងបរិស្ថានប្រារព្ធទិវាតំបន់ដីសើមពិភពលោក ឆ្នាំ២០១៩ ក្រោមប្រធានបទ “ តំបន់ដីសើម និងការប្រែប្រួលអាកាសធាតុ ” នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ
នៅព្រឹកថ្ងៃថ្ងៃសៅរិ៍ ១៣រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ នាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋាបាល ការពារ និងអភិរក្សធម្មជាតិ ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ អង្គការ Birdlife International, WWT, NatureLife Cambodia, IUCN, ICF និង FACT បានប្រារព្ធទិវាតំបន់ដីសើមពិភពលោក ឆ្នាំ២០១៩ ក្រោមប្រធានបទ “ តំបន់ដីសើម និងការប្រែប្រួលអាកាសធាតុ ” នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ម៉ឹង វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងមានការចូលរួមពី មន្ត្រីមកពីក្រសួងបរិស្ថាន មន្ទីរបរិស្ថាន មន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាសហគមន៍ និស្សិត សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សរុបចំនួន៣៦០នាក់ ដែលកម្មវិធីនេះរៀបចំឡើងក្នុងគោល បំណង ៖
– បណ្តុះគំនិតស្មារតីដល់សាធារណៈជន ជាពិសេសប្រជាសហគមន៍មូលដ្ឋាន និស្សិត សិស្សានុសិស្ស ឱ្យស្រលាញ់ ថែរក្សាការពារ និងគ្រប់គ្រង តំបន់ដីសើមប្រកបដោយចិរភាព
– ផ្សព្វផ្សាយដល់សាធារណៈជន ឱ្យយល់ជ្រួតជ្រាបពីសារៈសំខាន់តំបន់ដីសើម និងការប្រើប្រាស់តំបន់ដីសើមដោយឈ្លាសវៃ និង
– ផ្សព្វផ្សាយពីតួនាទីតំបន់ដីសើម ក្នុងការចូលរួមកាត់បន្ថយពីផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា ក្នុងស្មារតីការពារ និងអភិរក្សធនធានធម្មជាតិ រាជរដ្ឋាភិបាលកម្ពុជា បានដាក់តំបន់ដីសើម ប្រាំកន្លែង ទៅជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិ និងមានឈ្មោះថាតំបន់រ៉ាមសារ មាន ផ្ទៃក្រឡា សរុប ៨៥.២៣៥ហិកតា នៅលើទីតាំងភូមិសាស្រ្ត និងប្រព័ន្ធអេកូឡូស៊ីបី ផ្សេងៗគ្នាគឺ តំបន់បឹងទន្លេសាប តំបន់ទន្លេមេគង្គ និងតំបន់ឆ្នេរ ហើយក្រសួងបរិស្ថានមានផែនការដាក់បញ្ចូលតំបន់ដីសើមសំខាន់ៗ មួយចំនួន ទៀត ទៅជាតំបន់រ៉ាមសារ ដែលរួមទាំងតំបន់បឹងព្រែកល្ពៅនេះផងដែរ ដែលរកឃើញ ថាជាតំបន់ដីសើមដែលមានតួនាទីយ៉ាងសំខាន់ ជួយកាត់បន្ថយទឹកជំនន់ កាត់បន្ថយគ្រោះរាំងស្ងួត ទ្រទ្រង់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ទាងនៅក្នុង និងជុំវិញតំបន់ ។ តំបន់បឹងព្រែកល្ពៅនេះ បានផ្តល់សេវាកម្មប្រព័ន្ធអេកូឡូស៊ីប្រមាណជា ២លានដុល្លាក្នុងមួយឆ្នាំ និងជាកន្លែងស្នាក់អា ស្រ័យ និងជាប្រភពចំណីដ៏សំខាន់សម្រាប់សត្វ ស្លាប ទឹក ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ និងប្រភេទសត្វស្លាបសំខាន់មួយចំនួនទៀត ដែលជាប្រភេទទទួលរងនូវការគំរាមកំហែង និងជិតផុតពូជលើពិភពលោក៕






