មន្ទីរបញ្ចកោណអះអាងថា គ្មានឡើយគម្រោងដាក់ពង្រាយមីស៊ីល ឬប្រព័ន្ធអាវុធនុយក្លេអ៊ែរនៅលើទ្វីបអឺរ៉ុប
សហរដ្ឋអាម៉េរិក៖ មន្ត្រីជាន់ខ្ពស់ផ្នែកប្រឹក្សានយោបាយប្រចាំក្រសួងការពារជាតិអាម៉េរិក លោក ដេវីដ ត្រាច់ថិនប៊ឺក បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនគ្មានឡើយគម្រោងដាក់ពង្រាយមីស៊ីល ឬប្រព័ន្ធអាវុធនុយក្លេអ៊ែរនៅលើទឹកដីអឺរ៉ុប បន្ទាប់ពីដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម INF ជាមួយរុស្ស៊ី។

ការអះអាងរបស់មន្រ្តីជាន់ខ្ពស់របស់ក្រសួងការពារជាតិអាម៉េរិករូបនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានប្រកាសជាផ្លូវការពីនីតិវិធីនៃការដកសហរដ្ឋអាម៉េរិក ចេញពីសន្ធិសញ្ញាកងកម្លំាងនុយក្លេអ៊ែរកម្រិតមធ្យម INF ជាមួយរុស្ស៊ី។ ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា សហរដ្ឋអាម៉េរិកមានបំណងដាក់ពិភពលោកឱ្យក្រោមផលប្រយោជន៍របស់ខ្លួន និងកំពុងរុញច្រានពិភពលោកឱ្យធ្លាក់ចូលការរត់ប្រណាំងសព្វាវុធជាថ្មី តាមរយៈការដកខ្លួនចេញពីសន្ធិសញ្ញា INF។

សូមរំលឹកថា សន្ធិសញ្ញា INF ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាម៉េរិក និងអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ សំដៅបិទបញ្ចប់សង្រ្គាមត្រជាក់រវាងមហាអំណាចទាំងពីរ។ សន្ធិសញ្ញានេះ បានហាមឃាត់រាល់ការដាក់ពង្រាយ និងផលិតមីស៊ីលបាលិស្ទីកនុយក្លេអ៊ែរ ដែលអាចបាញ់បានរយៈចំងាយពី៤៩៨គីឡូ ម៉ែត្រ ដល់ ៥.៤៧១គីឡូម៉ែត្រឡើងទៅ៕ធ.ដ


