នាយករដ្ឋមន្ត្រីថៃអំពាវនាវឲ្យប្រជាជនប្រើសេវាកម្មដឹកជញ្ជូនសាធារណៈ ស្របពេលដែលផ្សែងអព្ទគ្របដណ្តប់លើទីក្រុងបាងកក
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កំពុងជំរុញពលរដ្ឋនៅទីក្រុងបាងកក ផ្អាកការប្រើរថយន្តផ្ទាល់ខ្លួន ហើយងាកមកប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈវិញ ដោយសំអាងថា ផ្សែងអព្ទខ្លាំងដែលបានគ្របដណ្តប់លើទីក្រុងនេះ គឺបណ្តាលមកពីយានយន្ត។

ដោយសំដៅទៅលើសំណើដែលគួរតែហាមឃាត់រថយន្តចាស់ អាយុកាលលើសពី១០ឆ្នាំនោះ នាយករដ្ឋមន្រ្តីថៃរូបនេះ បាននិយាយថា បញ្ហានេះត្រូវតែពិចារណាយ៉ាងហ្មត់ចត់ ព្រោះវាពាក់ព័ន្ធនឹងក្រុមមនុស្សខុសៗគ្នា។ ពាក់ព័ន្ធនឹងការត្រួតពិនិត្យរថយន្តដឹកទំនិញ និងរថយន្តក្រុងដែលបានចាប់ផ្តើមនាពេលថ្មីៗនេះ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា បញ្ហាផ្សែងអព្ទនេះភាគច្រើនកើតឡើងពីយានយន្ត ហើយថា រថយន្តក្រុងប្រហែលពី៨,០០០ទៅ៩,០០០គ្រឿង ត្រូវបានត្រួតពិនិត្យជារៀងរាល់ថ្ងៃ ហើយក្រដាស់បម្រាមត្រូវបានបិទលើរថយន្តដែលត្រូវបានហាមឃាត់៕ធ.ដ


