រដ្ឋមន្ត្រីក្រសួងសាធារណការ៖ យន្តការរដ្ឋបាល និងបច្ចេកវិទ្យាថ្មីការចុះបញ្ជីរថយន្តចង្កូតស្ដាំ ត្រូវបានបញ្ឈប់ទាំងស្រុង ចាប់ពីពេលនេះតទៅដោយគ្មានលក្ខខណ្ឌ
នៅក្នុងកិច្ចប្រជុំប្រចាំខែ ស្ដីពីវឌ្ឍនភាពការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងខែមករា ឆ្នាំ២០១៩ ឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ជាមួយយន្តការរដ្ឋបាល និងបច្ចេកវិទ្យាថ្មី ការចុះបញ្ជីរថយន្តចង្កូតស្ដាំត្រូវតែបញ្ឈប់ទាំងស្រុង ចាប់ពីពេលនេះតទៅ ដោយគ្មានលក្ខខណ្ឌ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន៖ ជំរុញយន្តការសាងសង់ ជួសជុល ថែទាំផ្លូវថ្នល់ ឱ្យមានគុណភាពស្តង់ដារអន្តរជាតិ ការបិទលែងទទួលចុះបញ្ជីរថយន្តចង្កូតស្ដាំ គម្រោងក្នុងការសាងសង់អាគារដ្ឋបាលថ្មីរបស់ក្រសួង និងបញ្ហាផ្សេងៗ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានជំរុញឱ្យមន្ត្រីក្រោមឱវាទខិតខំប្រឹងប្រែងបំពេញការងារទ្វេដងនៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលនេះ ខិតខំរិះរកគ្រប់មធ្យោបាយ និងយន្តការផ្សេងៗដើម្បីជំរុញឱ្យការផ្ដល់សេវាសាធារណៈបានលឿនជាងមុន ពង្រឹងគុណភាពសាងសង់ ជួសជុល និងថែទាំផ្លូវថ្នល់ ដោយធានា ឱ្យបានតាមគុណភាពស្ដង់ដារ ពោលគឺ“ធ្វើផ្លូវឱ្យមាំ មិនមែនធ្វើផ្លូវជាប់រហូតនោះទេ”។

ឯកឧត្ដមបានបង្ហាញផែនការរយៈពេល៥ឆ្នាំរំកិលរបស់ក្រសួង ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទាំងអស់ ដើម្បីត្រៀមខ្លួនអនុវត្តផែនការទាំងនោះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ស្របតាមចក្ខុវិស័យរបស់ក្រសួង។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹង ប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត និងពេលវេលាក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបានផ្ដាំផ្ញើឱ្យបន្តវប្បធម៌សហការដ៏ប្រពៃនេះ ដើម្បីរួមចំណែកបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសតាមរយៈវិស័យសាធារណការ និងដឹកជញ្ជូនឱ្យកាន់តែរីកចម្រើនជាលំដាប់៕ធ.ដ








