ឯកឧត្ដម រ័ត្ន វិរៈ ចុះពិនិត្យសភាពការណ៍ផ្ទាល់លើករណីបង្រ្កាបបទល្មើសសត្វព្រៃ បណ្ដាលឲ្យមន្រ្តីឧទ្យានុរក្ស១រូបរងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាព និងពិនិត្យស្ថានភាពនៃការផ្ទុះអាវុធដោយខ្មាន់កាំភ្លើងក្នុងករណីបង្រ្កាបបទល្មើសសត្វព្រៃ ដែលបានបណ្ដាលឲ្យមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកចំនួន០១រូប រងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលរបួសភ្លាមៗនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

ហេតុការណ៍ចុះបង្រ្កាបបទល្មើសសត្វព្រៃ ហើយត្រូវក្រុមខ្មាន់កាំភ្លើងបាញ់រះបណ្ដាលឲ្យរងរបួសមន្រ្តីឧទ្យានុរក្សនេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបំបែកត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក។

ឯកឧត្ដម រ័ត្ន វិរៈ បានមានប្រសាសន៍ថា ក្នុងនាមក្រសួងបរិស្ថានដែលមានឯកឧត្ដម សាយ សំអាល់ ជារដ្ឋមន្រ្តី បានចាត់តាំងគណៈប្រតិភូរបស់ក្រសួងបរិស្ថាន ដើម្បីជួយរៀបចំ និងរង់ចាំទទួលជនរងគ្រោះឲ្យមកសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានហេតុការណ៍ចុះបង្រ្កាបបទល្មើសសត្វព្រៃដោយក្រុមការងារអនុវត្តច្បាប់របស់ដែនជម្រកសត្វព្រៃស្រែពកនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ត្រូវបានក្រុមខ្មាន់កាំភ្លើងដែលមានគ្នាប្រមាណជា៦នាក់ បំពាក់ដោយអាវុធអាកាបានបាញ់រះមកលើក្រុមអនុវត្តច្បាប់ ហើយបានបណ្ដាលឲ្យមន្រ្តីឧទ្យានុរក្សចំនួន០១រូបរងរបួសធ្ងន់។

ឯកឧត្ដមបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការលះបង់របស់បងប្អូនដែលជាអ្នកអភិរក្ស ក្នុងនោះរួមមាន មន្រ្តីនគរបាល យោធា សត្តរក្ស និងមន្រ្តីឧទ្យានុរក្ស ដែលឋិតនៅក្រោមដំបូលតែមួយ គឺគ្រួសារតែមួយនៃប្រជាជាតិខ្មែរ ដោយបានលះបង់នូវការជួបជុំគ្រួសារផ្ទាល់ខ្លួនដើម្បីមកចូលរួមចំណែកអនុវត្តច្បាប់ ក្នុងបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ។

ឯកឧត្ដមបានកោតសរសើរនូវវីរភាពរបស់បងប្អូនឧទ្យានុរក្ស និងមន្រ្តីរួមសហការទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ដើម្បីទុកបន្តឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់។ ឯកឧត្ដមបន្តថា ចំពោះជនប្រព្រឹត្ត និងបក្ខពួក កម្លាំងជំនាញព្រហ្មទណ្ឌនឹងធ្វើការតាមកំណត់មុខសញ្ញាដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យខាងតែបាន។

ជាចុងក្រោយ ឯកឧត្ដម រ័ត្ន វិរៈ ក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនមន្រ្តីឧទ្យានុរក្ស និងមន្រ្តីរួមសហការទាំងអស់ ត្រូវរួមសាមគ្គីភាពគ្នា និងបន្តកិច្ចខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ និងជម្នះនូវរាល់ឧបសគ្គដែលបានកើតឡើង ជាពិសេសត្រូវតាំងចិត្ត និងស្មារតីឲ្យបានម៉ឺងម៉ាត់ចំពោះព្រឹត្តិការណ៍នេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner