ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការហ្វ្រេន្សអ៊ីនធើណាសិនណល
នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានធ្វើពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលខេត្តសៀមរាប និងអង្គការហ្វ្រេន្សអ៊ីនធើណាសិនណល ដែលដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងលោក សេបាស្យៀន ម៉ារ៉ូ នាយកប្រតិបត្តិអង្គការហ្វ្រេន អ៊ីនធើណាសិនណល ប្រចាំប្រទេសកម្ពុជា និងមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ ពាក់ព័ន្ធផងដែរ។ ការចុះអនុស្សារណៈនៃការយោគយល់គ្នានាពេលនេះ គឺដើម្បីឲ្យរដ្ឋបាលខេត្តសៀមរាប និងអង្គការហ្វ្រេនអ៊ីនធើណាសិនណល កាន់តែសហការគ្នាយ៉ាងជិតស្និទ្ធ ព្រមទាំងការធ្វើផែនការអនុវត្ត និងត្រួតពិនិត្យភាគីដែលពាក់ព័ន្ធទៅនឹងកុមារ។

កម្មវិធីកល្យាលមិត្ត និងធ្វើសមាហរណកម្មកុមារ និងយុវវ័យ (ចាប់ពីអាយុ០ ដល់ ២៤ឆ្នាំ) ដែលរស់នៅតាមចិញ្ចើមផ្លូវ គំនរសំរាម តាមចញ្ចើមផ្លូវ ឲ្យទៅក្នុងសង្គមឡើងវិញ និងធ្វើការការពារកុមារ ផ្តល់ទីជម្រក និងការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងការពារសុវត្ថិភាពកុមារ និងកិច្ចគាំពារ ការធ្វើ សមារណកម្មទៅកាន់សាលារៀនឡើងវិញ និងសមារណកម្មទៅកាន់គ្រួសារផងដែរ។ លោកស្រី យូ សុភា ក៏បានបញ្ជាក់ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូ ដែលមាននៅក្នុងខេត្ត ក្នុងនោះក៏មានអង្គការហ្វ្រេនអ៊ីនធើណាសិនណល កល្យាលមិត្ត ផងដែរ។

លោកស្រីបានលើកឡើងថា ដោយខេត្តជាតំបន់ទេសចរណ៍ ធ្វើឲ្យមានការហូរចូលរបស់ប្រជាជនពន្នាចរមកពីបណ្តាខេត្តនានា ដែលបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ទីប្រជុំជន និងរមណីយដ្ឋានទេសចរណ៍ ព្រមទាំងបង្កនូវភាពអាណាធិបតេយ្យទៀតផង។ បញ្ហាទាំងនេះ អាជ្ញាធរខេត្ត តែបានធ្វើជាច្រើនលើក ច្រើនសា គឺទទួលបានលទ្ធផលវិជ្ជមានផង អវិជ្ជមានផង។

លោក សេបាស្យៀន ម៉ារ៉ូ នាយកប្រតិបត្តិអង្គការហ្វ្រេន អ៊ីនធើណាសិនណល ក៏បានបញ្ជាក់អំពីការ កកើតអង្គការនេះឡើង ក្នុងគោលដៅធ្វើការអប់រំ និងការពារភាពរស់នៅរបស់កុមារ។ លោកបានឲ្យដឹងថា កិច្ចការទាំងនេះ តែងធ្វើឡើងជួយដល់យុវជន និងកុមារដែលងាយរងគ្រោះ និងរងគ្រោះ។

អង្គការហ្វ្រេនអ៊ីនធើណាសិនណល កល្យាលមិត្ត បានមកកាន់ខេត្តសៀមរាបនាឆ្នាំ២០០៥ ហើយបានធ្វើការងារជាមួយកុមាររងគ្រោះ កុមារអាណាថា កុមារដើរដេកតាមចញ្ចើមផ្លូវ កុមាររស់នៅតាមគំនរសំរាម និងរើសសំរាម ព្រមទាំងកុមារដើរសុំទាន និងកុមារប្រកបរបរផ្លូវភេទជាដើម។ លោកបានលើកពីគម្រោងរបស់អង្គការ ដោយផ្តោតឆ្ពោះទៅលើការកសាងអនាគត និងជួយជីវិតកុមារ យុវជន ព្រមទាំងធ្វើការអប់រំបណ្តុះបណ្តាល និងការពារសុវត្ថិភាពកុមារ កិច្ចគាំពារ ការធ្វើសមារណកម្មទៅកាន់សាលារៀនឡើងវិញ និងសមារណកម្មទៅកាន់គ្រួសារទៀតផង។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានោះ ភាគីទាំងពីរក៏បានធ្វើការឯកភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា ទៅតាមផ្នែកចំនួន៣ ដែលមានចំនួន២៨ចំណុច ដែលមានសុពលភាពរយៈពេល៣ឆ្នាំ ទើបភាគីទាំងពីរធ្វើការពិនិត្យឡើងវិញ។ ក្នុងនោះកម្មវិធីសំខាន់ៗ គឺចុះធ្វើការនៅតាមចិញ្ចើមថ្នល់ និងសហគមន៍ ផ្តល់ការស្នាក់នៅបណ្តោះអាសន្ន ធ្វើសមាហរណកម្មទៅនឹងសាលា រៀនឡើងវិញ បណ្តុះបណ្តាលវិជ្ជាជីវៈ ការធ្វើសមាហរណកម្មទៅនឹងសង្គមគ្រួសារឡើងវិញ ជួយដល់កុមារ និងយុវជនឲ្យផ្តាច់សារធាតុញៀន ការអប់រំបំណិនជីវិត និងសុវត្ថិភាពកុមារជាដើម៕ធ.ដ ដោយ៖ ម៉ី សុខារិទ្ធ
