អភិបាលខេត្តសៀមរាប អញ្ជើញជួបសំណេះសំណាលជាមួយយុវជនបង្គោលស្រុក-ឃុំអង្គរជុំ
ឆ្លៀតក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីបើកសម្ពោធអគារសិក្សា១ខ្នង មាន៦បន្ទប់ ធ្វើអំពីថ្ម ប្រកក្បឿង ដែលជាអំណោយរបស់មូលនិធិត្រែលប្លេសឺ-សហរដ្ឋអាម៉េរិក ជូនប្រជាពលរដ្ឋភូមិបេង ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាបរួចមក។ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានបន្តជួប និងសំណេះសំណាលជាមួយបងប្អូនយុវជនបង្គោលស្រុក-ឃុំ ក្នុងស្រុកអង្គរជុំ។

ឯកឧត្តម ទៀ សីហា បានសំណេះសំណាលសួរសុខទុក្ខ សមាជិកក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក និងបងប្អូនជាយុវជនបង្គោល ដោយនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាបផងដែរ។

ឯកឧត្តមបានបញ្ជាក់ថា យុវជន គឺជាកម្លាំងស្នូលនៃកិច្ចអភិវឌ្ឍន៍ប្រទេស ដែលជាធនធានដ៏មានសារៈសំខាន់បំផុតក្នុងសង្គម ជាកម្លាំងចលករមួយដែលនាំមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ ហើយក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ទៀតផង។ នៅក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក នាពេលខាងមុខនេះ យុវជនយើងក៏មានតួនាទីយ៉ាងសំខាន់ នៅក្នុងសមាជិកក្រុមប្រឹក្សាផងដែរ។

ឯកឧត្តមបានផ្តាំផ្ញើផងដែរថា យុវជនយើងគ្រប់រូប គឺត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន លើគ្រប់ការងារដែលសហគមន៍ត្រូវការ ហើយកត្តាសំខាន់នោះ គឺចូលរួមអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីបញ្ហាការខ្វះទឹកប្រើប្រាស់នៅពេលខាងមុខ ដែលប្រមុខរាជរដ្ឋាភិបាលបានធ្វើការប្រកាសអាសន្ននាពេលកន្លងមក ដើមី្បឲ្យគ្រប់មូលដ្ឋានទាំង អស់មានការប្រើប្រាស់ទឹក ដោយសន្សំសំចៃ ពិសេសអ្នកធ្វើស្រែប្រាំង។ ម៉្យាងទៀតនៅក្នុងតំបន់ស្រុកអង្គរជុំនេះ ក៏ជាភូមិសាស្ត្រមួយ ដែលមានការខ្វះខាតទឹកនាពេលកន្លងមកផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា ក៏បានចុះជួបលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន អង្គរជុំ ដោយបានធ្វើការណែនាំមួយចំនួនដល់លោកនាយកវិទ្យាល័យ ត្រូវយកចិត្តទុកដាក់លើការកែលម្អសោភណ្ឌភាពសាលា ដោយធ្វើការរៀបចំផែនការច្បាស់លាស់ និងកំណត់ទីតាំងទីលានកីឡា សួនច្បារ និងគ្រោងនូវទីតាំង ដើមី្បសាងសង់អគារ នៅពេលដែលរាជរដ្ឋាភិបាល ឬ សប្បុរសជនផ្តល់ជូន។

ជាពិសេសត្រូវធ្វើការរៀបចំឲ្យមាន អនាម័យ នៅជុំវិញបរិវេណស្រះទឹក ទោះបីនៅវិទ្យាល័យនេះ មានឧបករណ៍ចម្រោះទឹកស្អាតក៏ពិតមែន តែភាពចាំបាច់ចំពោះមុខ ដែលរាជរដ្ឋាភិបាលបានធ្វើការជូនដំណឹងពីការខ្វះទឹកប្រើ ប្រាស់នៅថ្ងៃខាងមុខ។ ឯកឧត្តមក៏បានណែនាំ និងផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំសិក្សារៀនសូត្រ ដើមី្បមានចំណេះដឹងក្នុងការកសាងអនាគតខ្លួន និងសង្គមជាតិ។

ប្អូនៗ គឺជាសសរស្តម្ភដ៏រឹងមាំនៃធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះ ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានខ្លួន។ ឯកឧត្តមក៏សុំឲ្យប្អូនៗ ត្រូវចាកចេញឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងពាលា ដែលសង្គមជាតិស្អប់ខ្ពើម និងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព ដើមី្បការពារអាយុជីវិតរបស់ខ្លួន៕ធ.ដ ដោយៈ ម៉ី សុខារិទ្ធ


