បុរសម្នាក់ត្រូវរថយន្តបុកស្លាប់នៅលើស្ពានលីយ៉ុងផាត់
ភ្នំពេញ៖ បុរសម្នាក់ទើបតែរៀបការបាន២ខែប៉ុណ្ណោះ បានជួបគ្រោះថ្នាក់ចរាចរណ៍ដួលបោកក្បាលស្លាប់ភ្លាមៗលើស្ពានលីយ៉ុងផាត់ បន្ទាប់ពីជិះម៉ូតូចេញពីធ្វើការនៅម្ដុំកោះដាច់ ត្រូវរថយន្តមិនស្គាល់ម៉ាកបុក រួចបើកគេចបាត់ស្រមោល កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ បញ្ញា អាយុ២៧ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីម០១០ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1M-4881 បានធ្វើដំណើរចេញពីធ្វើការនៅកោះដាច់ ក្នុងគោលបំណងត្រលប់ទៅផ្ទះ តាមបណ្ដោយផ្លូវមហាវិថីឈ្នះ-ឈ្នះក្នុងទិសដៅពីកើតទៅលិច ពេលដែលជិះដល់ស្ពានលីយ៉ុងផាត់ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមកបុក បណ្ដាលបោកក្បាលនៅលើស្ពានបែកក្បាលស្លាប់នៅនឹងកន្លែងតែម្តង។

ចំណែករថយន្តបង្ក បានបន្ថែមល្បឿនគេចចេញពីកន្លែងកើតហេតុបាត់ផងដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់ធ្វើការវាស់វែង និងប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ៕ធ.ដ


