ជំនួបរវាងមេទ័ពជើងគោកម្ពុជា-ថៃ គឺដើម្បីពង្រឹងចំណង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកប្រទេសទាំងពីរ
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពជើងគោកភូមិន្ទថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ អាប់ភីរ៉ាត់ គង់ស៊ុមភុង (APIRAT KONGSOMPONG) អគ្គបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ នៅបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

ក្នុងនាមជាប្រទេសមានភូមិផងរបងតែមួយ ភាគីទាំងពីរក៏បានផ្តោតលើការពង្រឹងពង្រីកទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការល្អ និងធ្វើយ៉ាងណារក្សាឲ្យបានព្រំដែនសន្តិភាព និងការអភិវឌ្ឍ តាមតំបន់ ព្រំដែនឱ្យកាន់តែមានការរីកចម្រើនថែមទៀត បង្កលក្ខណៈងាយស្រួល ឱ្យពលរដ្ឋរដ្ឋទាំងពីរប្រកបរបររកស៊ីកាន់តែមានការរីកចម្រើន និងមានទំនុកចិត្តជាមួយគ្នា។

ភាគីទាំងពីរ បានចាត់ទុកជំនួបនេះ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង ពង្រឹងគុណភាព និងសមត្ថភាពដល់កងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបានកិច្ចការពារសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿង ជាពិសេសការពង្រឹងពង្រីកការរឹតចំណងសាមគ្គីភាព នឹងមិត្តភាពជាប្រពៃណី រវាងរដ្ឋាភិបាល កងទ័ព និងប្រជាជនប្រទេសទាំងពីរ និងដើម្បីរួមគ្នាក្នុងថែរក្សាបានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ។

ភាគីទាំងពីរ ក៏បានប្តេជ្ញារួមគ្នាបន្តបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ជាមួយភាគីមិត្ត ក្នុងការកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព និងការអភិវឌ្ឍរីកចម្រើន។ ជំនួបមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ បានបញ្ចប់ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល លទ្ធផលជោគជ័យ និងភាពយោគយល់គ្នា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ក្នុងនាម ជា ប្រទេសភូមិផងជាប់គ្នា៕ធ.ដ ដោយ៖ ហាក់ សុភឿន



