គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបើកប្រតិបត្តិការទ្រង់ទ្រាយចុះរដ្ឋបាលតំបន់បឹងកក់ឃាត់មនុស្ស១៥នាក់ រុះរើសំណង់មិនរៀបរយ១១បន្ទប់ និងពិនិត្យផ្ទះសរុប៩៤ខ្នងផ្ទះ
ភ្នំពេញៈ ក្រោយពីមានការរអ៊ូរទាំ និងសំណូមពរពីប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅរសៀលថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០១៨ នេះ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការលក្ខណៈទ្រង់ទ្រាយធំចុះឆែកឆែរទីតាំងខាងលើ ដោយឃាត់មនុស្ស១៥នាក់រួមទាំងសម្ភារ ប្រើប្រាស់ នឹងដាបសាំម៉ូរៃ រួមទាំងឧបករណ៍កាច់កម៉ូតូជាច្រើនទៀត។
លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានថាកន្លងមកលោកបានបញ្ជាដល់កម្លាំងក្រោមឧវាទតែងតែចុះទៅល្បាតនឹងបង្ក្រាបបទល្មើសនៅតំបន់នេះ ប៉ុន្តែដោយសារតំបន់ជាកន្លែងសំណង់មិន រៀបរយ មានក្រុមខិលខូចមួយចំនួនចេះបង្កបញ្ហារំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះលោកបានសុំការអនុញ្ញាតពីឯកឧត្តមអភិបាលរាជធានីភ្នំពេញដើម្បីចុះរុះរើសំណង់មិនរៀបរយនឹងបង្ក្រាបក្រុមញៀនថ្នាំ ក៏ដូច ក្រុមប្រព្រឹត្តបទល្មើសមួយចំនួនដែលសង្ងំលាក់ខ្លួននៅទីនេះ។
លោកបន្តថាក្រោយពីមានការអនុញ្ញាត និងការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូង លោកក៏បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះទៅ តំបន់នោះ ដោយសម្រេចរុះរើជម្រកអាណាធិបតេយ្យចំនួន១១បន្ទប់ ដែលបន្ទប់នីមួយៗប្រក់តង់ ប្រកសង្កសី ដែលជាជម្រកសម្រាប់ប្រេីប្រាស់គ្រឿងញៀន ហើយក៏បានឃាត់មនុស្ស១៥នាក់ (ស្រី៨នាក់)ពាក់ព័ន្ធនឹងការ ប្រើប្រាស់ថ្នាំញៀន និងដកហូតសម្ភារប្រើប្រាស់មួយចំនួនទៀត បញ្ជូនទៅកាន់អធិការខណ្ឌដូនពេញដើម្បីចាត់ការបន្ត៕





