កម្មករជិត១០០នាក់ ដួលសន្លប់ជាបន្តបន្ទាប់នៅស្រុកអង្គស្នួល

អត្ថបទដោយ៖
Kien Sereyvuth

កណ្ដាល៖ បន្ទាប់ពីមានកម្មការិនីម្នាក់មុតដៃហូរឈាមយ៉ាងខ្លាំង បានធ្វើឲ្យកម្មករចំនួ៧៩នាក់មានការភិតភ័យ និងដួលសន្លប់ជាបន្តបន្ទាប់ ហើយត្រូវបានដឹកជញ្ជូនយកទៅសង្គ្រោះភ្លាមៗផងដែរ។ លោកវរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ហេតុការណ៍ដួលសន្លប់នេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៣០ មករា ២០១៩នេះ នៅក្នុងរោងចក្រកសត់ដេរសម្លៀកបំពាក់ យីហោ ឃ្យូ.អឹម.អាយ.ប៊ី (Q.M.I .B) ដែលស្ថិតនៅក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកបានបន្តទៀតថា រោងចក្រនេះមានកម្មករ កម្មការិនីសរុប៤២០០នាក់ (ស្រី៤០៣០នាក់)។ កម្មការនីដែលសន្លប់ទាំងអស់ចំនួន៧៩នាក់ ក្នុងចំណោម៤២០០នាក់នេះ ប៉ុន្តែ មកដល់ពេលនេះ បានធូស្រាល និងចេញទៅលំនៅដ្ឋានខ្លះវិញហើយ ចំណែកឯរោងចក្រក៏បានដំណើរការឡើងវិញហើយដែរ។

លោកអធិការបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានការដួលសន្លប់នេះមកពី នៅវេលាម៉ោងប្រមាណ៧ព្រឹកនេះកម្មការនីម្នាក់ឈ្មោះ ទឿន ស្វិត បានចូលមកជូតម៉ាស៊ីនវ៉ៃឡេវអាវរបស់ខ្លួន ពេលនោះ គាត់ខ្វះការប្រុងប្រយ័ត្នក៏បានមុតចង្អុលដៃខាងឆ្វេងចេញឈាម ហើយពេលនោះមានកម្មករនៅជិតខាងបានឃើញមានការភិតភ័យស្លុតចិត្ត ក៏ដួលសន្លប់តៗគ្នាទៅ។ រួចក៏បានដឹកជញ្ជូន យកទៅព្យាបាលនៅមន្ទីរពេទ្យសម្រាកព្យាបាល ទេព្វ មង្គល ដែលនៅទល់មុខហ្នឹងរោងចក្រ។ កម្មការិនីម្នាក់បាននិយាយថា នាងមិនបានដឹងថា មានគេមុតដៃហូរឈាមនោះទេ ប៉ុន្តែ បន្ទាប់ពីឃើញមិត្តភក្ត្រដួលសន្លប់ជាបន្តបន្ទាប់នោះ ក៏ទន់ដៃជើង សន្លប់ដែរទៅ។

លោកស្រី ហាក់ សូលីឡា វេជ្ជបណ្ឌិតនៅមន្ទីរសម្រាកព្យាបាលទេពមង្គល បានបញ្ជាក់ថា កម្មការិនីដែលសន្លប់ត្រូវបានដឹកយកមកសង្គ្រោះទីនេះ សរុប៧៩នាក់ ក្នុងនោះ៥-៦នាក់មានអាការៈធ្ងន់ ហើយបន្ទាប់ពីធ្វើការសង្គ្រោះដោយបញ្ចូលអុកស៊ីសែន និងព្យួរស៊ីរ៉ូម គឺបានធូរស្រាល និងត្រឡប់ទៅលំនៅដ្ឋានវិញហើយ។

ដោយឡែកអ្នកនៅសល់គឺនៅតាមដានបន្តទៀត លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា មូលហេតុនៃការដួលសន្លប់នេះ មិនមែនបណ្តាលមពីពុលចំណីអារហារ និងបរិយាកាសនោះទេ គឺមកពីការតក់ស្លុតនៅពេលឃើញកម្មការនីម្នាក់មុតដៃហូរឈាម និងឃើញគ្នាឯងសន្លប់ក៏សន្លប់តៗគ្នាទៅ ដោយឡែកអ្នកដែលមានអាការៈធ្ងន់គឺបណ្តាលមកពីពួកគាត់ខ្វះជាតិកាល់ស្សូម និងអាហាររូបបត្ថម។ លោកស្រីក៏សំណូមពរទៅដល់ថៅកែរោងចក្រ សហគ្រាសទាំងអស់ ត្រូវរៀបចំឲ្យមានខ្យល់អាកាសចេញចូលបានល្អ និងផ្លូវចេញចូលអោយទូលាយ ដើម្បីបង្ការ និងបញ្ជៀស នូវហានិភ័យផ្សេងៗ ទៀត៕ធ.ដ​ ដោយៈ ខាត់ សុខឿន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner