រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញសក្តានុពលវិនិយោគរបស់កម្ពុជាដល់គណៈប្រតិភូអាម៉េរិក មកពីទីក្រុងឡុងប៊ិច
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញសក្តានុពលវិនិយោគរបស់កម្ពុជា ដល់គណៈប្រតិភូសាលាក្រុង និងក្រុមប្រឹក្សាភិបាលកំពង់ផែទីក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក ដឹកនាំដោយលោកអភិបាលក្រុង រ៉ូប៊ើត ហ្កាសៀ (Robert Garcia) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទាក់ទាញការបណ្តាក់ទុនពីសហរដ្ឋអាម៉េរិក មកកាន់ប្រទេសកម្ពុជា។

នៅក្នុងជំនួបដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបគណៈប្រតិភូអាម៉េរិកអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ព្រមទាំងលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាចម្រុះ លើកទី៥ ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) ដែលបានដាក់ចេញនូវដំណោះស្រាយ និងទិសដៅថ្មីៗមួយចំនួន សម្រាប់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ព្រមទាំងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក៏ដូចជាកិច្ចប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង តាមរយៈការដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ ជាមួយគោលនយោបាយវិនិយោគដ៏ទាក់ទាញ ការធ្វើទំនើបកម្មវិស័យអប់រំ ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ (ផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន អាកាសយានដ្ឋាន និងកំពង់ផែអន្តរជាតិ) សំដៅគាំទ្រការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាដើម។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនប្រតិភូអាម៉េរិក អំពីសក្តានុពលខេត្តព្រះសីហនុ និងគម្រោង Plus One នៅតាមតំបន់សេដ្ឋកិច្ចពិសេសនានា ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) របស់រាជរដ្ឋាភិបាល ដែលមានគោលបំណងប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលផលិតកម្មចម្រុះ សម្រាប់បម្រើវិស័យនាំចេញ និងជាឋានសួគ៌សម្រាប់គម្រោងវិនិយោគអន្តរជាតិតូចធំ។

ជាការឆ្លើយតប លោក រ៉ូប៊ើត ហ្គាសៀ បានសម្តែងការកោតសរសើរចំពោះកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពថ្មីៗរបស់កម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ សម្រាប់ការចែករំលែកនូវព័ត៌មានល្អៗ និងការផ្តល់ឱកាសដល់រូបលោក និងគណៈប្រតិភូ បានស្វែងយល់អំពីវិស័យពាណិជ្ជកម្ម និងសក្តានុពលវិនិយោគសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា។

លោកអភិបាលក្រុងឡុងប៊ិច និងគណៈប្រតិភូ ក៏បានសន្យាជួយផ្សព្វផ្សាយអំពីសក្តានុពលនៃប្រទេសកម្ពុជា ទៅដល់សហគមន៍ធុរកិច្ចនៅទីក្រុងឡុងប៊ិច ដើម្បីពិនិត្យមើលលើលទ្ធភាពក្នុងការផ្គូរផ្គងធុរកិច្ច និងពាណិជ្ជកម្មដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ៕ធ.ដ

